(ញូដេលី)៖ ក្រុមមន្ត្រីពន្ធដារនៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានចាកចេញពីការិយាល័យសារព័ត៌មាន BBC នៅក្នុងទីក្រុងញូវដេលី និងទីក្រុងម៉ុមបៃហើយ បន្ទាប់ពី ឆ្មក់ចុះឆែកឆេរចំណាយពេល ៣ថ្ងៃ ដែលក្នុងនោះមានទាំងការទាញយកទិន្នន័យចេញពីឧបករណ៍ឌីជីថលមួយចំនួន។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន BBC​នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ការចុះឆែកឆេរការិយាល័យសារព័ត៌មាន BBC កើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានបញ្ចេញប្រតិកម្មខឹងសម្បារទៅនឹងវីដេអូឯកសារមួយរបស់ BBC ដែលត្រូវបានចេញផ្សាយកាលពីខែមករា ភ្ជាប់នូវខ្លឹមសាររិះគន់ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលធ្លាប់មានតួនាទីជាប្រមុខរដ្ឋាភិបាលនៃរដ្ឋហ្គូចារ៉ាត់ (Gujarat) កាលពីឆ្នាំ២០០២ នៅពេលដែលអំពើហិង្សា​ដ៏កក្រើកបានផ្ទុះឡើងរវាងអ្នកកាន់សាសនាហិណ្ឌូ ដែលជាក្រុមភាគច្រើន និងអ្នកកាន់សាសនាអ៉ីស្លាម ដែលជាក្រុមភាគតិច ហើយបានផ្តាច់ជីវិតមនុស្សជាង ១,០០០នាក់ ដែលភាគច្រើនជាជនមូស្លីម ខណៈយ៉ាងហោច២២០នាក់ទៀតបានបាត់ខ្លួន។

រដ្ឋាភិបាលឥណ្ឌា បានហាមឃាត់វីដេអូឯកសារខាងលើ មិនឱ្យចាក់ផ្សាយនៅក្នុងប្រទេសរបស់ខ្លួនឡើយ ហើយក៏បានបញ្ជាឱ្យបណ្តាញទំនាក់ទំនងសង្គម​ដូចជា Twitter និង YouTube លុបចោលឃ្លីបនានានៃវីដេអូនោះផងដែរ។ មិនតែប៉ុណ្ណោះ កន្លងមកនេះ និស្សិតសាកលវិទ្យាល័យមួយចំនួន ក៏ត្រូវបាន​ឃាត់ខ្លួនថែមទៀតផង បន្ទាប់ពីពួកគេព្យាយាមចាក់វីដេអូឯកសាររបស់ BBC នៅក្នុងសាលា។

ដោយឡែក ជុំវិញការចុះឆែកឆេរខាងលើនេះដែរ អ្នកនាំពាក្យនាយកដ្ឋានពន្ធដារឥណ្ឌា បានឱ្យដឹងថាក្រុមអ្នកស៊ើបអង្កេតបានទាញយកទិន្នន័យចេញពីឧបករណ៍ឌីជីថលមួយចំនួន ក៏ដូចជាចម្លងឯកសារមួយចំនួនរបស់បុគ្គលិកមានតួនាទីសំខាន់ៗ តួយ៉ាងដូចជាបុគ្គលិកផ្នែកហិរញ្ញវត្ថុ ប៉ុន្តែមិនបានរឹបអូសយកសម្ភារៈណាមួយទេ ស្របពេលមានសេចក្ដីរាយការណ៍ថា មន្ត្រីពន្ធដារឥណ្ឌាក៏បានត្រួតពិនិត្យទូរស័ព្ទដៃ និងកុំព្យូរទ័រយួរដៃរបស់និពន្ធនាយក និងបុគ្គលិករដ្ឋបាលរបស់ BBC ផងដែរ។

គួរបញ្ជាក់ថា សារព័ត៌មាន BBC បានបញ្ជាក់ថាប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា នឹងត្រឡប់ទៅដំណើរការវិញជាធម្មតា តែបានចាត់ទុកថាអ្វីដែលបានកើតឡើងគឺជាស្ថានភាព មួយដ៏តានតឹង និងបង្កការរំខានយ៉ាងខ្លាំង៕