(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាលោកនឹងទំនាក់ទំនងជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង ចំពោះមុខភាពតានតឹង ក្រោយយន្ដហោះចម្បាំងអាមេរិកបាញ់ទម្លាក់បាឡុងមួយរបស់ចិនកាលដើមខែកុម្ភៈកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងនៅក្នុងសុន្ទរកថាជាសាធារណៈមួយ លោក បៃដិន គូសបញ្ជាក់ដូច្នេះថា «ខ្ញុំរំពឹងថាអាចនឹងទំនាក់ទំនងជាមួយលោកប្រធានាធិបតី ស៊ី»។ ប៉ុន្តែព្រមពេលជាមួយគ្នានោះដែរ ខណៈសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកមិនមែនកំពុងធ្វើសង្រ្គាមត្រជាក់ថ្មីមួយ លោក បៃដិន បានសង្កត់ធ្ងន់ថាលោកនឹងមិនសូមទោសចិន ជុំវិញឧប្បត្តិហេតុបាឡុងនោះទេ ហើយថា អាមេរិក តែងតែធ្វើសកម្មភាពដើម្បីការពារផលប្រយោជន៍នៃប្រជាជនអាមេរិក និងសន្តិសុខប្រជាជនអាមេរិក។

គួរបញ្ជាក់ថា ភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក បានផ្ទុះឡើងខ្លាំងជាថ្មី បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន សម្រេចចិត្តបាញ់ទម្លាក់បាឡុងមួយរបស់ចិន នៅលើ ដែនអាកាសអាមេរិក កាលពីថ្ងៃទី៤ ខែកុម្ភៈ។ មន្ទីរបញ្ចកោណបានចោទថាបាឡុងរបស់ចិនគឺជាបាឡុងស៊ើបការណ៍ តែចិនអះអាងថាបាឡុងរបស់ខ្លួនជាបាឡុងស៊ីវិលដែល ផ្ដោតសំខាន់លើឧតុនិយមតែប៉ុណ្ណោះ៕