(អង់ការា)៖ ក្មេងស្រីជំទង់ម្នាក់ត្រូវបានទាញចេញពីគំនរបាក់បែកក្នុងប្រទេសតួកគី​ ដោយនៅរស់រានមានជីវិត ជាង ១០ថ្ងៃបន្ទាប់ពីការរញ្ជួយដី ដែលបានសម្លាប់មនុស្សជាង ៤២,០០០នាក់នៅក្នុងប្រទេស និងប្រទេសជិតខាងស៊ីរី ខណៈដែលក្រុមគ្រួសារនៃអ្នកបាត់ខ្លួនកំពុងរង់ចាំព័ត៌មានអំពីជោគវាសនារបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ទូរទស្សន៍ TRT បានរាយការណ៍ថា ក្មេងស្រីអាយុ ១៧ឆ្នាំត្រូវបានជួយសង្គ្រោះនៅក្នុងខេត្ត Kahramanmaras ភាគអាគ្នេយ៍នៃប្រទេសតួកគី ២៤៨ម៉ោង បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៨រិចទ័របានវាយប្រហារកាល ពីយប់ថ្ងៃទី១៦ ខែកុម្ភៈ។

វីដេអូ​បង្ហាញ​ថា នាង​ត្រូវ​បាន​គេ​ដឹក​តាម​រទេះ​រុញ​ទៅ​កាន់​រថយន្ត​សង្គ្រោះ​ដែល​គ្របដណ្តប់​​ភួយ​កម្ដៅ​ពណ៌​មាស។

គួរបញ្ជាក់់ថា បើយោងតាមតួខលេខចុងក្រោយបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីក្នុងប្រទេសតួកគី បានកើនឡើងដល់ ៣៦,១៨៧នាក់។ ហើយនៅក្នុងប្រទេសស៊ីរី ចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍ថាកើនដល់ ៥,៨០០នាក់ ដែលជាតួលេខដែលបានផ្លាស់ប្តូរតិចតួចប៉ុណ្ណោះក្នុងប៉ុន្មានថ្ងៃនេះ។ មនុស្សរាប់លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ បន្ទាប់ពីត្រូវបានទុកចោលគ្មានផ្ទះសម្បែងក្នុងអាកាសធាតុត្រជាក់នៃរដូវរងា៕