(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រូបលោកនឹងបញ្ជា​ឱ្យកងទ័ពចូលរួមជួយរុស្ស៉ីដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន លុះត្រាតែប្រទេសរបស់លោក រងការវាយប្រហារមុនពីប្រទេសដទៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក លូកាសិនកូ បានលើកឡើងថា «ប្រទេសខ្ញុំនឹងចូលរួមជួយរុស្ស៉ីប្រយុទ្ធក្នុងករណីតែមួយគត់ នោះគឺមានទាហានប្រទេសដទៃ សូម្បីតែម្នាក់ក៏ដោយ ចូលមកក្នុងទឹកដីរបស់បេឡារុស ហើយសម្លាប់ប្រជាជនរបស់ខ្ញុំ។ ប្រសិនបើពួកគេប្រព្រឹត្តអំពើឈ្លានពានមុនមកលើបេឡារុស នោះការឆ្លើយតបនឹងមាន​កម្រិតធ្ងន់ធ្ងរបំផុត»។ លោកប្រធានាធិបតីបេឡារុស ធ្លាប់បានបដិសេធជាច្រើនលើកមកហើយ ចំពោះការសន្និដ្ឋានរបស់ទីក្រុងកៀវនិងក្រុមលោកខាងលិច ដែលថាប្រទេសរបស់លោក អាចនឹងត្រូវអូសទាញឱ្យចូលរួមក្នុសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ដោយឡែក លោក លូកាសិនកូ បានអះអាងថា រូបលោកក៏​គ្រោងនឹងជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃសុក្រសប្តាហ៍នេះផងដែរ។

គួរបញ្ជាក់ថា រុស្ស៉ីបានប្រើប្រាស់បេឡារុស ជាកន្លែងដើម្បីបើកការឈ្លានពានចូលភាគខាងជើងប្រទេសអ៊ុយក្រែន សំដៅឆ្ពោះទៅព្យាយាមដណ្តើមកាន់កាប់​រដ្ឋធានីកៀវ ប៉ុន្តែមិនទទួលបានជោគជ័យ។ ការកើនឡើងនៃសកម្មភាពយោធា និងការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពអាកាសប្រទេសទាំងពីរ កំលុងដើមឆ្នាំ​២០២៣នេះ បានបង្កឱ្យមានក្តីបារម្ភជាថ្មីថា ទីក្រុងមីនស្កិ៍អាចនឹងកំពុងត្រៀមដើរតួនាទីសកម្មជាងមុន ក្នុងវិបត្តិសង្រ្គាមនៅអ៊ុយក្រែន៕