(កៀវ)៖ វិធីស្វែងរកការបញ្ចប់សង្គ្រាមលើសមរភូមិដោយប្រើកម្លាំងបាយ កំពុងតែជម្រុញឱ្យអង្គការណាតូប្រមែប្រមូលគ្នាជួយផលិតអាវុធ និងគ្រាប់កាន់តែច្រើនថែមទៀតដល់អ៊ុយក្រែន។ អ៊ុយក្រែន ត្រូវគេរាយការណ៍ថា បានប្រើគ្រាប់រំសេវនិងអាវុធយ៉ាងខ្ជះខ្ជាយសន្ធឹកសន្ធាប់ ដែលធ្វើឱ្យឧស្សាហកម្មផលិតរបស់ក្រុមប្រទេសលោកខាងលិច ស្ទើរតែមិនអាចរកគ្រាប់ជួយផ្គត់ ផ្គង់ទាន់ពេលបានឡើយ។

ដើម្បីបើកការវាយប្រហារក្នុងទ្រង់ទ្រាយធំមួយដើម្បីវាយដណ្តើមយកទឹកដីភាគខាងកើតអ៊ុយក្រែននោះវិញ, មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី ស្ទើរតែ លែងគិតពីការស្លាប់រស់របស់ទាហាន លោកទៅហើយ ក្រៅពីការសុំបង្កើននិងបន្ថែមជំនួយយោធាសម្រាប់យុទ្ធនាការវាយលុកនិទាឃរដូវ។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានដាក់សម្ពាធលើក្រុមហ៊ុនឧស្សាហកម្ម ផលិតគ្រាប់រំសេវនៃប្រទេសលោកខាងលិចត្រូវតែបង្កើនការផលិត ខណៈដែលមានត្អូញត្អែរថាអ៊ុយក្រែន បានប្រើប្រាស់គ្រាប់រំសេវច្រើនសន្ធឹកសន្ធាប់និងលឿនជាងទំហំនៃជំនួយ ដែលបានផ្តល់មកឱ្យ។ ការជម្រុញគ្រាប់រំសេវ ខណៈដែលការផលិតគ្រាប់ស្ទើរតែមិនទាន់បញ្ជូនទៅឱ្យប្រទេសអ៊ុយក្រែននេះ គឺនៅទន្ទឹមនឹងមានសេចក្តីរាយការណ៍ថារុស្ស៊ីកំពុងតែធ្វើយុទ្ធនាការវាយលុកជាខ្លាំងនៅលើ សមរភូមិភាគខាងកើតអ៊ុយក្រែន។

សេចក្តីរាយការណ៍បង្ហាញថា រុស្ស៊ីបានចាប់ផ្តើមការវាយលុករបស់ខ្លួននៅមុនយុទ្ធនាការអ៊ុយក្រែន ធ្វើក្នុងរដូវផ្ការីក ដោយពេលនេះមានទាហានរុស្ស៊ីកំពុងតែវាយសម្រុក និងបន្តចូលកាន់កាប់ក្នុងតំបន់ មួយចំនួនក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន។ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar បានថ្លែងតាមការសរសេរ ក្នុងបណ្តាញសង្គមថាស្ថានការណ៍នាពេលនេះកំពុងតែតឹងតែង។

ខណៈភាគីរុស្ស៊ីបានអះអាងការវាយលុកពង្រីកភូមិសាស្ត្រទៅមុខបានមួយចំនួននោះ, ការិយាល័យប្រធានាធិបតីអ៊ុយក្រែនមិនបាននិយាយអំពីការដកថយរបស់ទាហានអ៊ុយក្រែន នោះឡើយ។ សេចក្តីរាយការណ៍ពីសមរភូមិ បានបង្ហាញថាក្នុងពេលដែលសង្គ្រាមបានឈានចូលដល់ថ្ងៃទី៣៥៧ថ្ងៃនេះ, រុស្ស៊ីបានបញ្ជួនទ័ព និងឧបករណ៍យោធាធុនធ្ងន់របស់ខ្លួនចូលមកក្នុង ខេត្តលូហានស៍។ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងមុននេះថាកងកម្លាំងទាហានរុស្ស៊ីបានវាយទម្លុះបំបែកខ្សែត្រៀម២របស់អ៊ុយក្រែននាសមរភូមិលូហានស៍ និងថាទាហានអ៊ុយក្រែន បានធ្វើការដកថយគ្រា ដែលកម្លាំងរុស្ស៊ីបានធ្វើការវាយសម្រុករុលមកខាងមុខ។

នៅជាមួយគ្នានឹងការវាយលុករបស់រុស្ស៊ីនេះ កិច្ចប្រជុំរបស់អង្គការណាតូ ក្នុងក្រុងប្រុចសែល សប្តាហ៍នេះ បានដាក់សម្ពាធលើវិស័យឧស្សាហកម្មផលិតគ្រាប់រំសេវដើម្បីជួយផ្គត់ផ្គង់ជំនួយយោធាឱ្យ អ៊ុយក្រែន ឱ្យបានគ្រប់គ្រាន់ បើទោះបីជាកិច្ចប្រជុំបាននិយាយអំពីគ្រាប់ផ្គត់ផ្គង់គ្រាប់ដល់អ៊ុយក្រែនស្ទើរតែផលិតមិនទាន់។ លោក Jens Stoltenberg បានថ្លែងថា «អត្រានៃការប្រើប្រាស់គ្រាប់រំសេវ បច្ចុប្បន្នរបស់អ៊ុយក្រែនគឺមានកម្រិតខ្ពស់ជាង, ធំជាងនឹងអត្រាផលិតបច្ចុប្បន្ន។ នោះគឺជារឿងជាក់ស្តែងពិតប្រាកដ»។ លោកបានបន្តថា «ចាប់តាំងពីយើងបានដឹងថាមានរឿងនេះកើតឡើងមក យើង បានចាប់ផ្តើមធ្វើអ្វីមួយ។ លោកថា «យើងមិនអង្គុយនៅស្ងៀមនិងមើលរឿងដែលកើតឡើងទាំងនោះទេ»។ ជាច្រើនខែមកនេះ សហរដ្ឋអាមេរិកនិងសមាជិកខ្លះនៃរដ្ឋអង្គការណាតូបានបញ្ជួនអាវុធ និង ឧបករណ៍ជំនួយយោធាជាច្រើនដល់អ៊ុយក្រែន ដូចជារថក្រោះ, រថពាសដែក, កាំភ្លើង ត្បាល់, ប្រព័ន្ធអាវុធប្រើរ៉ុក្កែតនិងមីស៊ីល និងគ្រឿងសព្វាវុធជាច្រើនទៀត ជាមួយនឹងគ្រាប់រំសេវ, គ្រាប់ផ្លោងដើម្បី អ៊ុយក្រែនអាចប្រយុទ្ធទប់ទល់បានជាមួយនឹងរុស្ស៊ី។ ប៉ុន្តែអ៊ុយក្រែន បាន ប្រើប្រាស់គ្រាប់រំសេវនិងគ្រាប់ផ្លោងអស់ជាច្រើនណាស់ក្នុងមួយថ្ងៃៗដូចជាគ្រាប់ផ្លោង ត្រូវ បាញ់ជាច្រើនពាន់គ្រាប់ក្នុងមួយថ្ងៃៗ។

យោងតាមការវាយតម្លៃមួយពាក់ព័ន្ធនឹងការប្រើអាវុធ និងគ្រាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានបង្ហាញថាទាហានអ៊ុយក្រែន បានប្រើប្រាស់គ្រាប់ផ្លោង Artillery ក្នុងមួយថ្ងៃៗប្រមាណពី៦ពាន់ទៅ ៧ពាន់គ្រាប់។ នោះគឺប្រមាណ១ភាគបីនៃចំនួនគ្រាប់ដែលខាងភាគីរុស្ស៊ីបានប្រើនៅលើសមរភូមិប្រមាណជិតមួយឆ្នាំមកនេះ។ សង្គ្រាមដែលបានកើតឡើងឈានចូលជិតគម្រប់មួយឆ្នាំ មកហើយនេះ បានធ្វើឱ្យប្រទេសលោកខាងលិចត្រូវបញ្ចេញនូវគ្រាប់ស្តុកទុករបស់ខ្លួនចេញពីឃ្លាំងដើម្បីបញ្ជូនឱ្យប្រទេសអ៊ុយក្រែនស្ទើរតែអស់ពីឃ្លាំងរបស់ខ្លួនទៅហើយ។ ប្រទេសខ្លះថែមទាំងបញ្ជួនរថក្រោះសេស សល់ក្នុងអតីតសម័យសហភាពសូវៀតឱ្យទៅអ៊ុយក្រែនថែមទៀត ខណៈដែលរង់ចាំរថក្រោះ ទំនើបថ្មីរបស់ក្រុមបស្ចឹមប្រទេសដើម្បីជំនួសរថក្រោះចាស់ៗ។ ប្រទេសអេស្តូនី បានយកថវិកាការពារជាតិ របស់ខ្លួន១ភាគបីជួយអ៊ុយក្រែន, ប្រទេសន័រវែសបានផ្តល់អាវុធកាំភ្លើងផ្លោង Howitzers របស់ខ្លួនចេញពីស្តុកប្រមាណ៤៥ភាគរយជួយអ៊ុយក្រែន…ប្រទេសស្លូវើនៀ បានយករថក្រោះរបស់ខ្លួនប្រមាណ ជិត៤០ភាគរយជួយអ៊ុយក្រែន…ប្រទេសឆែក បានផ្តល់ប្រព័ន្ធ ពហុបាញ់រ៉ុក្កែត Multiple Rocket Launchers Systems ប្រមាណ៣៣ភាគរយ។

ក្រុមជំនាញ បានវាយតម្លៃថាសង្គ្រាមអ៊ុយក្រែនបានកាត់បន្ថយឃ្លាំងស្តុកអាវុធបាញ់ប្រឆាំងរថក្រោះ Javalin Anti-Tank Weapon អាមេរិកច្រើនដល់ប្រមាណ១ភាគបី និងមីស៊ីល Stinger ក្នុងឃ្លាំង ប្រមាណ២៥ភាគរយ។ សង្គ្រាមក្នុងអ៊ុយក្រែនបានដាក់សម្ពាធជាខ្លាំងលើការផ្តល់គ្រាប់អាវុធ Artillery ដោយសារតែរោងចក្រអាវុធអាមេរិក M777 Howitzers បានបញ្ជាក់ការលែងផលិត អាវុធនោះ ទៀតហើយ។ អង្គការណាតូ ត្រូវគេរាយការណ៍ថាកំពុងតែស្វះស្វែងរករោងចក្រ ដើម្បីផលិតអាវុធនោះជាបន្តទៀត។ បណ្តាប្រទេសសម្ព័ន្ធក្នុងកិច្ចប្រជុំអង្កការណាតូក្នុងសប្តាហ៍នេះ ក៏កំពុងស្វែងរក គម្រោងរួមដើម្បីជួយទិញអាវុធនិងជួយលើការចំណាយកាន់តែខ្ពស់ និងការធ្វើកុងត្រាកិច្ច សន្យាផលិតអាវុធក្នុងរយៈពេលវែងផងទៀត។ ក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃក្នុងសប្តាហ៍នេះ ក្នុងក្រុងព្រុចសែល នៃប្រទេសបែលហ្ស៉ិក មេដឹកនាំអង្គការណាតូ បានជម្រុញការផលិតអាវុធបន្ថែមទៀតសម្រាប់ឱ្យប្រទេសអ៊ុយក្រែនធ្វើសង្គ្រាមជាមួយនឹងរុស្ស៊ី។

លោក Jens Stoltenberg បានថ្លែងថាគេចាំបាច់ត្រូវបន្តការបង្កើនអាវុធដល់អ៊ុយក្រែនពីព្រោះ វាជាសេចក្តីត្រូវការចាំបាច់ខ្លាំងណាស់នៅលើសមរភូមិ។ លោក Jens Stoltenberg បានថ្លែងថាសង្គ្រាម ពេលនេះបានក្លាយជាសង្គ្រាមសង្គ្រឺតសងសឹកហើយ…សង្គ្រាមសងសឹកនេះគឺជាសង្គ្រាមដែលគេត្រូវតែធានាថាអ៊ុយក្រែននឹងមានឧបករណ៍យោធានិងអ្វីៗគ្រប់គ្រាន់ដើម្បីយកឈ្នះលើទាហានរុស្ស៊ីដើម្បី ការដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ថ្លែងថាការជួយអ៊ុយក្រែនលើការឧបត្ថម្ភ ជំនួយយោធា គឺជាការជួយដល់អ៊ុយក្រែនក្នុងការវាយដណ្តើមយក ឈ្នះលើរុស្ស៊ី។

លោក Lloyd Austin ថ្លែងថា រាល់ប្រព័ន្ធអាវុធនានាដែលត្រូវបានផ្តល់ឱ្យអ៊ុយក្រែននោះ គឺគេត្រូវតែជួយបង្វឹកកម្លាំងទាហានអ៊ុយក្រែនដើម្បីការចេះប្រើអាវុធនោះទៀត។ លោកបានថ្លែងថាគេនឹងផ្តល់ ការហ្វឹកហ្វឺនជាបន្ថែមដល់ទាហានអ៊ុយក្រែននូវរបៀបដាក់បញ្ចូលគ្រាប់, របៀប បាញ់ និងរបៀបថែទាំប្រើប្រាស់ឧបករណ៍យោធាទាំងឡាយនោះ…និងលោកថាជាមួយនឹង លទ្ធភាពជួយបន្ថែមទៀតនោះ គឺការបង្វឹកទាហានអ៊ុយក្រែនអាចនឹងកាន់តែល្អប្រសើរ និង លោករំពឹងថាទាហានអ៊ុយក្រែននឹងយកឳកាសដែលបានបង្រៀនស្ទាត់ទាំងនោះ នឹងជួយធ្វើឱ្យសមរភូមិប្រយុទ្ធកាន់តែមានភាពប្លែក បន្ថែមទៀត។

អគ្គលេខាធិការអង្គការណាតូ នៅបានស្នើឱ្យសមាជិកនៃប្រទេសជារដ្ឋរបស់អង្គការណាតូ ត្រូវជួយចំណាយយ៉ាងហោច២ភាគរយនៃទំហំ GDP របស់ខ្លួនលើវិស័យការពារជាតិ ប៉ុន្តែសំណើនោះនៅ មិនទាន់មានការយល់ព្រមទាំងស្រុងនៅឡើយទេ។ នៅជាមួយនឹងការប្រយុទ្ធស៊ីសាច់ហុតឈាមគ្នាបាន និងកំពុងបន្តនាភាគខាងកើតអ៊ុយក្រែន រដ្ឋាភិបាលក្រុងកៀវបានអះអាងការបាញ់ទម្លាក់បាល់ឡុង ហោះចំនួន៦របស់រុស្ស៊ី។ អ៊ុយក្រែនបាននិយាយថា បាឡុងបាញ់ទម្លាក់នោះអាចជាយានដែលផ្ទុកឧបករណ៍ស៊ើបការណ៍ ហើយត្រូវបានបង្ហោះឡើងដើម្បីតាមយកព័ត៌មាន ក៏ដូចជាវិធីធ្វើឲ្យកងកម្លាំងការ ពារដែនអាកាសអ៊ុយក្រែនកាន់តែនឿយហត់ខ្សត់ខ្សោយ។

វត្តមានរបស់បាឡុងនៅលើអាកាសនោះ ត្រូវគេរាយការណ៍ថាបានបង្កឲ្យមានសំឡេងស៊ីរ៉ែន បន្លឺឡើងនៅក្នុងរដ្ឋធានីកៀវ ដែលស៊ីរ៉ែន បែបនេះតែងកើតមាននៅពេលណា ដែលមានមីស៊ីលបាញ់ចូលមក ប៉ុន្តែលើកនេះរុស្ស៊ីមិនប្រើមីស៊ីលនោះទេ…រុស្ស៊ីប្រើវិធីបង្ហោះបាល់ឡុងវិញ។ មន្ត្រីនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនបានថ្លែងថា ការដែលរុស្ស៊ីបានប្រើប្រាស់បាឡុងទាំងនោះ គឺដើម្បីធ្វើឲ្យអ៊ុយក្រែន កាន់ខាតបង់គ្រាប់មីស៊ីលប្រឆាំងយន្តហោះរបស់ខ្លួនតែប៉ុណ្ណោះ។ បើសិនជារុស្ស៊ីប្រើបាល់ឡុងកាន់តែច្រើនក្នុងការបញ្ឆោតមីស៊ីលនៃប្រព័ន្ធការពារអាកាសអ៊ុយ ក្រែនថែមទៀតនោះ តើទំហំនៃ ការប្រើប្រាស់គ្រាប់ដែលអង្គការណាតូបានថ្លែងថាស្ទើរតែផលិតមិនទាន់នោះ នឹងត្រូវបង្កើនច្រើនប៉ុណ្ណាថែមទៀត?