(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងសមភាគីអ៉ីរ៉ង់របស់លោក គឺលោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) នៅថ្ងៃព្រហស្បតិ៍នេះ បានរួមគ្នាអំពាវនាវឱ្យបញ្ចូលការដកទណ្ឌកម្មចេញពីប្រទេសអ៉ីរ៉ង់ ទៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិដែលបានជាប់គាំង ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រធានាធិបតីនៃប្រទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមដូចខាងលើ នៅថ្ងៃចុងក្រោយ នៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលសរុប៣ថ្ងៃ របស់ លោក រ៉ៃស៉ី នៅក្នុងប្រទេសចិន។ លោក ស៉ី ជិនពីង ក៏បានទទួលយកការអញ្ជើញរបស់លោក រ៉ៃស៉ី ក្នុងការបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៉ីរ៉ង់ផងដែរ ហើយលោកនឹងធ្វើយ៉ាងដូច្នោះ នៅពេលវេលាសមរម្យមួយសម្រាប់រូបលោក។ ទស្សនកិច្ចនេះទៀតសោត គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋដំបូងបំផុតរបស់លោក រ៉ៃស៉ី និងជាលើកដំបូងដែលប្រធានាធិបតីអ៉ីរ៉ង់ បានបំពេញទស្សនកិច្ចនៅប្រទេសចិនយ៉ាងដូច្នេះ ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ។

គួរបញ្ជាក់ថា អ៉ីរ៉ង់ធ្លាប់បានយល់ព្រមរឹតត្បិតកម្មវិធីរបស់ខ្លួនពាក់ព័ន្ធនឹងនុយក្លេអ៊ែរ នៅក្រោមកិច្ចព្រមព្រៀងមួយហៅថា JCPOA ជាមួយក្រុមមហាអំណាច​លោកខាងលិច រួមមានទាំងសហរដ្ឋអាមេរិក ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។ ប៉ុន្តែកាលពីឆ្នាំ២០១៨ ដែលកាលនោះ លោក ដូណាល់ ត្រាំ​ នៅជា​ប្រធានាធិបតីអាមេរិក បានសម្រេចដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង ហើយបញ្ជាឱ្យមានការដាក់ទណ្ឌកម្មឡើងវិញលើអ៉ីរ៉ង់។ កាលពីឆ្នាំ២០២១ ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន ធ្លាប់និយាយថា សហរដ្ឋអាមេរិកនឹងត្រឡប់មកចូលរួមជាថ្មី ប្រសិនបើអ៉ីរ៉ង់គោរពប្រតិបត្តិតាមកិច្ចព្រមព្រៀងឡើងវិញ ប៉ុន្តែកិច្ចប្រឹងប្រែងចរចា ដើម្បីស្តារកិច្ចព្រមព្រៀងនេះ បានជាប់គាំងមកទល់ឥឡូវ៕