(វ៉ាស៉ីនតោន)៖ សាកលវិទ្យាល័យមួយកន្លែងនៅសហរដ្ឋអាមេរិក ឈ្មោះថា Colorado School of Mines ដែលស្ថិតនៅក្នុងទីក្រុងហ្គោលដិន (Golden) នៃរដ្ឋ​ខូឡូរ៉ាដូ (Colorado) ត្រូវបានបង្ខំឱ្យបិទទ្វារជាបណ្តោះអាសន្នដើម្បីជាវិធានការបង្ការ ខណៈដែលក្រុមមន្រ្តីប៉ូលិសអាមេរិក បានតាមប្រដេញចាប់ខ្លួន ជនសង្ស័យម្នាក់នៅក្បែរទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ហេតុការណ៍នោះ បានកើតឡើងកាលពីដើមសប្តាហ៍នេះ នៅពេលប៉ូលិសអាមេរិកបានប្រទះឃើញជនសង្ស័យខាងលើ ដែលមានឈ្មោះថា អេដ្វាដូ អាម៉ានដូ រ៉ូមេរ៉ូ (Eduardo Armando Romero) អាយុ២៩នាក់ ស្ថិតក្នុងរថយន្តមួយគ្រឿង ដោយដេកងក់នៅលើចង្កូតរថយន្ត។ បុរសម្នាក់នោះត្រូវបានប៉ូលិសដាក់​ឱ្យភ្ញាក់ ប៉ុន្តែបានព្យាយាមបើកគេចខ្លួន។ នៅពេលប៉ូលិសឃាត់រថយន្តជាប់ ជនសង្ស័យក៏បន្តរត់គេចដោយថ្មើរជើង ឆ្ពោះទៅរក​សាកលវិទ្យាល័យ Colorado School of Mines។

ជនសង្ស័យដែលប៉ូលិសអះអាងថា មានប្រដាប់ដោយកាំភ្លើង ក៏បានសំងំលាក់ខ្លួននៅតំបន់ព្រៃក្បែរសាកលវិទ្យាល័យ ហើយប៉ូលិសក៏បានដាក់ខ្សែ​ហ៊ុមព័ទ្ធជុំវិញតំបន់នោះ។ ចំណែកខាងសាកលវិទ្យាល័យវិញ ក៏បានចេញសារប្រកាសអាសន្ន ឱ្យមនុស្សគ្រប់គ្នានៅសាលាផ្ទាល់ ស្ថិតក្នុងបន្ទប់កុំចេញទៅណា រួចប្រាប់កុំឱ្យបុគ្គលិកនិងសិស្សដទៃទៀត កុំធ្វើដំណើរមកកាន់សាលា។

គួរបញ្ជាក់ថា កំលុងកិច្ចប្រឹងប្រែងតាមរុករកជនសង្ស័យខាងលើ សុនខប៉ូលិសមួយក្បាល ត្រូវបានជនសង្ស័យបាញ់សម្លាប់ ខណៈរយៈពេលប្រហែល៤ម៉ោង ក្រោយការសំងំលាក់ខ្លួន ទើបជនសង្ស័យយល់ព្រមប្រគល់ខ្លួនឱ្យកងកម្លាំងប៉ូលិសតាមសម្រួល។ ទោះជាបែបនេះក្តី សាកលវិទ្យាល័យ Colorado School of Mines បានបន្តបិទទ្វាររាប់ម៉ោងថែមទៀត ទើបហ៊ានបើកដំណើរការជាធម្មតាឡើងវិញ។

ហេតុការណ៍ខាងលើបានកើតឡើង ស្របពេលដែលក្នុងសប្តាហ៍ដដែលនេះ ក៏មានករណីបាញ់ប្រហារមួយ កើតឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យតែម្តងផងដែរ គឺស្ថិតនៅឯរដ្ឋមីឈីហ្គែន (Michigan) នៃសហរដ្ឋអាមេរិក ហើយបានផ្តាច់ជីវិតមនុស្សសរុប៤នាក់ រួមទាំងខ្មាន់កាំភ្លើងផ្ទាល់ ខណៈ៥នាក់ទៀតរងរបួស៕