(វ៉ាស៉ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា កាលពីថ្ងៃពុធសប្តាហ៍នេះ មនុស្ស២នាក់បានបាត់បង់ជិវិត នៅពេលឧទ្ធម្ភាគចក្រយោធាមួយគ្រឿងប្រភេទ Black Hawk បានធ្លាក់នៅក្បែរផ្លូវហាយវ៉េមួយកន្លែង ក្នុងរដ្ឋអាឡាបាម៉ា (Alabama) ភាគខាងត្បូងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

កងកម្លាំងឆ្មាំការពារជាតិនៃរដ្ឋថេនណេសស៉ី (Tennessee) បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា ឧទ្ធម្ភាគចក្រខាងលើគឺជាកម្មសិទ្ធិរបស់ស្ថាប័នខ្លួន ហើយវាស្ថិតក្នុងការហោះហើរហ្វឹកហ្វឺន នៅពេលជួបគ្រោះថ្នាក់ធ្លាក់កាលពីរសៀលថ្ងៃពុធ (ពេលវេលាក្នុងតំបន់នៅអាមេរិក) ក្បែរទីក្រុងហាន់ស្វៀល (Huntsvilles)។

គួរបញ្ជាក់ថា អ្នកនាំពាក្យកងកម្លាំងឆ្មាំជាតិរដ្ឋថេនណេសស៉ី បានសុំមិនធ្វើការសន្និដ្ឋានអ្វីទេ ជុំវិញមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនោះ ដោយសង្កត់ធ្ងន់ថា ដូចទៅនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះយោធាដទៃទៀត ឧបទ្ទវហេតុខាងលើនឹងត្រូវឆ្លងកាត់ ការស៉ើបអង្កេតហ្មត់ចត់ត្រឹមត្រូវ។ ដោយឡែក មានមនុស្សតែ២នាក់​ប៉ុណ្ណោះ ធ្វើដំណើរលើឧទ្ធម្ភាគចក្រ Black Hawk ដែលបានធ្លាក់ ហើយពុំមាននរណាម្នាក់នៅលើដីផ្ទាល់ ទទួលរងគ្រោះថ្នាក់ស្លាប់ឬរបួសឡើយ៕