(ប៉េកាំង)៖ ក្នុងជំនួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅឯទីក្រុងប៉ារីស កាលពីថ្ងៃពុធសប្តាហ៍នេះ លោក វ៉ាង យី (Wang Yi) ដែលជាទីប្រឹក្សារដ្ឋ និងជាមន្រ្តីការទូតកំពូលរបស់ចិន បានលើកឡើងថា ប្រទេសចិនត្រៀមលក្ខណៈរួចរាល់ជានិច្ច ដើម្បីចូលរួម​កម្លាំងជាមួយសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់ឱ្យមានដំណោះស្រាយនយោបាយ សម្រាប់វិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក វ៉ាង យី ដែលជានាយកការិយាល័យកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមរបស់​គណបក្សកុម្មុយនិស្តចិន បានថ្លែងប្រាប់លោក ម៉ាក្រុង យ៉ាងដូច្នេះថា «ចិនត្រៀមខ្លួនជានិច្ចដើម្បីសហការជាមួយសហគមន៍អន្តរជាតិ រួមមានទាំងបារាំងផងដែរ ដើម្បីជំរុញលើកស្ទួយគន្លងផ្លូវឆ្ពោះទៅរក ដំណោះស្រាយផ្នែកនយោបាយសម្រាប់វិបត្តិអ៊ុយក្រែន ហើយសម្រេចបានបទឈប់បាញ់ក្នុងពេលឆាប់រហ័ស»

លោក វ៉ាង បានបន្តថា ចិនវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់បារាំង ក្នុងនាមជាប្រទេសមហាអំណាចមួយនៅអឺរ៉ុប ក្នុងកិច្ចប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិ​នៅអ៊ុយក្រែន។ លោក វ៉ាង ក៏បានលើកឡើងដែរថា ប្រទេសចិនបានប្រកាន់គោលជំហរមួយ ដែលមានលក្ខណៈសត្យានុម័តនិងមិនលម្អៀងនៅក្នុង​បញ្ហាអ៊ុយក្រែន ហើយតែងតែប្តេជ្ញាជាប់ជានិច្ចចំពោះ ការលើកកម្ពស់កិច្ចចរចាសន្តិភាព។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសចិន ចាប់ពីថ្ងៃទី១៤-២២ ខែកុម្ភៈ លោក វ៉ាង យី ត្រូវបំពេញទស្សនកិច្ចនៅបារាំង អ៉ីតាលី ហុងគ្រី ព្រមទាំងរុស្ស៉ី ហើយក្នុងកំលុងដំណើរបំពេញទស្សនកិច្ចនេះ រូបលោកក៏ត្រូវចូលរួមសន្និសីទសន្តិសុខទីក្រុងមូនិច (Munich) ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៧-១៩ ខែកុម្ភៈ ក្នុងប្រទេសអាល្លឺម៉ង់ថែមទៀតផង៕