(មូស្គូ)៖ លោក យ៉េវហ្គីនី ព្រីហ្គូហ្ស៉ីន (Yevgeny Prigozhin) ប្រធានក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន RT នៅថ្ងៃពុធសប្តាហ៍នេះបាននិយាយថា កងកម្លាំងរុស្ស៊ីអាចចាប់យកទីក្រុងបាកមូត (Bakhmut) របស់អ៊ុយក្រែននៅក្នុងខែមីនា ឬខែមេសា ហើយសម្ភារៈយោធាលោកខាងលិចនឹងត្រូវបំផ្លាញដោយជៀសមិនរួច។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

យ៉ាងនេះក្តី លោក ព្រីហ្គូហ្ស៉ីន បានកត់សម្គាល់ថាពេលវេលាគឺពិបាកក្នុងការទស្សន៍ទាយព្រោះទីក្រុងកៀវ បន្តទទួលបានជំនួយយោធាពីបណ្តាប្រទេសលោកខាងលិច។ ប៉ុន្តែ ឧបករណ៍យោធាលោកខាងលិច ដូចជារថក្រោះប្រយុទ្ធធន់ធ្ងន់ Leopard ផលិតដោយអាល្លឺម៉ង់ អាចជាគោលដៅសំខាន់របស់កងកម្លាំងរុស្ស៉ី។ លោក ព្រីហ្គូហ្ស៉ីន បានគូសបញ្ជាក់ថា «ពិតណាស់ ១០០%នៃរថក្រោះទាំងនោះ នឹងត្រូវឆេះ»

គួរបញ្ជាក់ថា ទាហានស៉ីឈ្នួល Wagner ស្ថិតនៅក្នុងក្រុមជួរមុខនៃកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ដើម្បីដណ្តើមយកទីក្រុងបាកមូត នៃតំបន់ដូណេត ជាទីដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាអស់រយៈពេលជាច្រើនខែមកនេះ៕