(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក សង្ឃឹមថាចិននឹងមិនប្រើប្រាស់ដំណើរទស្សនកិច្ចណាមួយរបស់សមាជិកសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ ជាលេសធ្វើសកម្មភាពយោធានោះទេ ហើយប្រទេសទាំងអស់គួរតែព្រមានទីក្រុងប៉េកាំងប្រឆាំងនឹងជម្លោះជុំវិញដែនកោះមួយនេះ។ នេះជាការបញ្ជាក់របស់មន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman ធ្វើការកត់សម្គាល់ខាងលើនៅឯវេទិកាមួយរៀបចំឡើងដោយវិទ្យាស្ថាន Brookings នៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយ ការសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តគាំទ្រតៃវ៉ាន់ និងជួយពង្រឹងសមត្ថភាពរបស់តៃវ៉ាន់ដើម្បីការពារខ្លួនឯងនៅក្រោមគោលនយោបាយចិនតែមួយ។ ថ្លែងនាឱកាសនោះ លោកស្រី Wendy បានគូសបញ្ជាក់ដូច្នេះថា៖ «យើងសង្ឃឹមថាសាធារណរដ្ឋប្រជាមានិតចិន នឹងមិនប្រើប្រាស់ដំណើរទស្សនកិច្ចណាមួយរបស់សមាជិកសភាអាមេរិកណាម្នាក់ ទៅកាន់កោះតៃវ៉ាន់ ជាលេសដើម្បីធ្វើសកម្មភាពយោធានោះទេ...ហើយខ្ញុំក៏ជំរុញផងដែរឱ្យបណ្ដាប្រទេសទាំងអស់ប្រាប់ទៅកាន់ចិនថាជម្លោះនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ក៏អាចនឹងបង្កផលប៉ះពាល់ដល់ប្រជាជនរបស់ខ្ញុំ និងប្រទេសរបស់ខ្ញុំ»

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន បានស្គាល់ភាពតានតឹងខ្លាំង កាលពីខែសីហា ឆ្នាំ២០២២ ជាពេលដែលអតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ ដោយចិនបានធ្វើសមយុទ្ធយោធា និងធ្វើសកម្មភាពយោធាជាបន្តបន្ទាប់នៅក្បែរកោះតៃវ៉ាន់។ តែចាប់តាំងពីពេលនោះមកដែរ សមាជិកសភាអាមេរិកនៅតែបន្តបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថាប្រធានសភាតំណាងរាស្ត្រអាមេរិកថ្មីមកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ ក្នុងឆ្នាំ២០២៣នេះ៕