(កៀវ)៖ អាជ្ញាធរនៅក្នុងប្រទេសអ៊ុយក្រែន បានឱ្យដឹងថាបាឡុងរបស់ចំនួន៦ បានហោះនៅក្នុងដែនអាកាសរដ្ឋធានីកៀវ ហើយបាឡុងទាំងនេះស្ទើរតែទាំងអស់ត្រូវបានបាញ់ទម្លាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមអាជ្ញាធរអ៊ុយក្រែន បាឡុងរបស់រុស្ស៉ីមានបំពាក់ដោយឧបករណ៍ស៊ើបការណ៍ តែមិនបានបញ្ជាក់លម្អិតថាតើបាឡុងនេះហោះលើរដ្ឋធានីកៀវ កាលពីថ្ងៃណានោះទេ បើទោះជា ស៊ីរ៉ែនប្រកាសអាសន្នបន្លឺសំឡេងឡើងកាលពីថ្ងៃពុធសប្ដាហ៍នេះក៏ដោយ។ បន្ថែមពីលើនេះ នៅមុនការប្រកាសនេះដែរ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក យូរី អ៉ីណាត (Yuriy Ihnat) បានឱ្យដឹងថានៅពេលបើកការឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៉ីក៏អាចធ្លាប់បានប្រើបាឡុងជាច្រើនផងដែរ ដើម្បីស៊ើបការណ៍លើទីក្រុងកៀវ ជំនួសយន្ដហោះដ្រូនស៊ើបការណ៍។

គួរបញ្ជាក់ថា ខាងរុស្ស៉ីមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ឆ្លើយតបទៅនឹងការអះអាងរបស់អ៊ុយក្រែន ហើយឧប្បត្តិហេតុបាឡុងនេះបានកើតឡើងបន្ទាប់ពីអាមេរិក បានបាញ់ ទម្លាក់បាឡុងមួយរបស់ចិនកាលពីពេលថ្មីៗនេះ និងចាប់ពីពេលនេះមកដែរ ប្រទេសមួយចំនួនបានរាយការណ៍ជាបន្តបន្ទាប់ពីការប្រទះឃើញបាឡុងនៅក្នុងដែនអាកាស របស់ពួកគេ៕