(វ៉ាស៊ីនតោន)៖ កាលពីជាងមួយឆ្នាំមុន ចិនបានធ្លាក់ចូលក្នុងស្ថានភាពមួយដ៏លំបាក នោះគឺ៖ ត្រឹមរយៈពេល ២០ថ្ងៃប៉ុណ្ណោះ ក្រោយលោក ស៊ី ជិនពីង និងលោក វ្ល៉ាឌីមៀ ពូទីន ប្រកាសពី «ភាពជាដៃគូគ្មានព្រំដែន» រវាងចិន និងរុស្ស៉ី កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៉ីស្រាប់តែលោកទ័ពចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំដដែល។ មកទល់នឹងពេលនេះ មិនមានភស្ដុតាងបង្ហាញថាចិនបានដឹង ឬក៏តើថាលោក ពូទីនបានប្រាប់លោក ស៊ី ជិនពីង ពីផែនការឈ្លានពានអ៊ុយក្រែនដែរឬក៏យ៉ាង ណានោះទេ។

សហរដ្ឋអាមេរិក បានចោទប្រកាន់ចិនថាបានគាំទ្រដល់សង្រ្គាមរបស់លោក ពូទីន ក៏ប៉ុន្តែចិនបានប្រកែកទៅវិញជារឿយៗ។ សង្រ្គាមអ៊ុយក្រែន នឹងឈានចូលខួបមួយឆ្នាំ នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ។ ចិនគឺជាសម្ព័ន្ធមិត្តរបស់រុស្ស៉ី ហើយមិនត្រូវគ្នាជាមួយសហរដ្ឋអាមេរិក ម្លោះហើយវាមិនមែនជារឿងចម្លែកអ្វីនោះទេដែលវ៉ាស៊ីនតោន ចោទថាចិនគាំទ្ររុស្ស៉ី។ តែប្រសិនបើជាការពិតមែន តើការគាំទ្ររបស់ចិនមានទម្រង់ ឬលក្ខណៈបែបណាទៅ? គោលនយោបាយចិនចំពោះសង្រ្គាមអ៊ុយក្រែន បានបង្ហាញ តាមរយៈការចៀសវាងរិះគន់ ឬថ្កោលទោសសកម្មភាពរុស្ស៉ី ខណៈរកឱកាសរិះគន់សហរដ្ឋអាមេរិកដែលជាគូប្រជែងយុទ្ធសាស្ត្ររបស់ចិន។ តួយ៉ាង ក្រោយរងការរិះគន់ពីបណ្ដា ប្រទេសលោកខាងលិចនៅលើឆាកអន្តរជាតិ ចិនបានជ្រើសរើស «ដើរនៅលើផ្លូវកណ្ដាល» ដោយសម្រេចចិត្តផ្អាកការធ្វើពាណិជ្ជកម្មជាមួយរុស្ស៉ី នៅពេលផលប្រយោជន៍ចិន រងការគំរាមកំហែង បន្ទរសំឡេងរិះគន់តាមរុស្ស៉ីនៅពេលស្របទៅនឹងការរិះគន់របស់ចិនចំពោះសហរដ្ឋអាមេរិក ហើយបន្តធ្វើពាណិជ្ជកម្មនៅពេលដែលមានបរិយាកាស អំណោយផល។ ដោយធ្វើបែបនេះ ចិនបានចាប់យកឱកាសពង្រឹងផលប្រយោជន៍នៃគោលនយោបាយការបរទេសរបស់ខ្លួន នៅក្នុងកាលៈទេសៈស្ថានការណ៍ពិភពលោក ស្ថិតនៅក្នុងភាពមិនច្បាស់លាស់។

*​ ឈរលើផ្លូវកណ្ដាល តែស្របតាមប្រយោជន៍ចិន
ខណៈសង្រ្គាមនៅតែបន្តអូសបន្លាយ និងជំនួយលោកខាងលិចនៅតែហូរចូលទៅកាន់អ៊ុយក្រែន រុស្ស៉ីក៏កំពុងស្វែងរកការគំាទ្រពីប្រទេសផ្សេងតាមដែលអាចធ្វើទៅបានដែរ ក្នុងនោះរួមមានទាំងចិន។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក ចិនមានមធ្យោបាយអាចកែប្រែទិសដៅសង្រ្គាមសព្វថ្ងៃ។ តែព្រមពេលជាមួយគ្នា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានព្រមានចិនប្រឆាំងនឹងការផ្ដល់ការគាំទ្រ ឬជំនួយទាំងឡាយណាមានជាប់ពាក់ព័ន្ធនឹងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ពាក់ព័ន្ធនឹង សង្រ្គាមនៅអ៊ុយក្រែន ចិនបានគោរពតាមស្មារតីដាក់សម្ពាធរបស់លោកខាងលិច នៅពេលប្រឈមមុខជាប់ទណ្ឌកម្ម និងនៅពេលបរិយាកាសពាណិជ្ជកម្មស្ថិតនៅក្នុងភាព មិនច្បាស់លាស់ប៉ះពាល់ដល់ប្រយោជន៍ចិន។

ប៉ុន្មានសប្ដាហ៍ក្រោយសង្រ្គាមផ្ទុះឡើង ធនាគារចិនបានបញ្ឈប់ការទិញទំនិញហិរញ្ញវត្ថុរបស់រុស្ស៉ីដែលអាចជួញដូរបាន ហើយក្រុមហ៊ុន Sinopec បានផ្អាកកិច្ចពិភាក្សាស្ដីពី ការវិនិយោគលើឥន្ធនៈគីមី និងគម្រោងទីផ្សារឧស្ម័ននៅក្នុងប្រទេសរុស្ស៉ី។ បន្ថែមពីលើនេះ ដោយបារម្ភខ្លាចជាប់ទណ្ឌកម្មលោកខាងលិច ក្រុមហ៊ុន UnionPay ដែលជា ក្រុមហ៊ុនទូទាត់ប្រាក់គ្រប់គ្រងដោយរដ្ឋចិន ក៏បានបដិសេធរកស៊ីជាមួយធនាគាររុស្ស៉ីដែលជាប់ទណ្ឌកម្មលោកខាងលិចផងដែរ និងនៅក្នុងខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុនផលិតដ្រូនចិន DJI បានផ្អាករាល់សកម្មភាពជំនួញរបស់ខ្លួនទាំងអស់នៅរុស្ស៉ី និងអ៊ុយក្រែន ដើម្បីបង្ការកុំឱ្យយន្ដហោះដ្រូនរបស់ខ្លួនត្រូវបានគេយកទៅប្រើ នៅលើសមរភូមិ។

តែទោះជាបែបនេះក្ដី អង្គភាពផ្សេងទៀតរបស់ចិននៅតែស្ថិតនៅក្រោមការសង្ស័យពីសហរដ្ឋអាមេរិកថាបានបញ្ជូនជំនួយយោធាឱ្យរុស្ស៉ី ដោយក្នុងនោះកាលពីខែមិថុនា ឆ្នាំ២០២២ ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ក្រុមហ៊ុនចិនចំនួន៥ ថាបានផ្ដល់ការផ្គត់ផ្គង់ដល់យោធារុស្ស៉ី។ ប៉ុន្តែមកទល់នឹងម៉ោងនេះ គ្មានភស្ដុតាងបង្ហាញថាចិនបាន ផ្ដល់ជំនួយឱ្យរុស្ស៉ីសម្រាប់ការធ្វើសង្រ្គាមនោះទេ។

* វោហាសាស្ត្រគាំទ្ររុស្ស៉ី
ជំហររបស់ចិនជាសាធារណៈចំពោះសង្រ្គាមនៅអ៊ុយក្រែន បានក្លាយជាកម្មវត្ថុចម្បងនៃការជជែកវែកញែកនៅក្រោយពេល «ទំនាក់ទំនងរុស្ស៉ី និងចិន» ត្រូវបានលើកកម្ពស់ ទៅជា «ភាពជាដៃគូគ្មានព្រំដែន» ប៉ុន្មានសប្ដាហ៍មុនសង្រ្គាមផ្ទុះឡើង ហើយគោលជំហរនេះត្រូវបានគេមើលឃើញថា «មានលក្ខណៈអព្យាក្រឹតផង និងលម្អៀងទៅរុស្ស៉ី» ផង តាមរយៈវោហាសាស្រ្តរបស់ចិនតែម្ដង។ ទីក្រុងប៉េកាំងមិនបានថ្កោលទោស ឬរិះគន់សង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែនជាសាធារណៈឡើយ និងតែងតែ អំពាវនាវឱ្យមានកិច្ចចរចាបញ្ចប់សង្រ្គាម។ ខណៈលោក ស៊ី ជិនពីង មិនបានជួបជាមួយលោក ហ្សេលេនស្គី តែលោកបានជួបជាមួយលោក ពូទីន នៅក្នុងជំនួបទល់មុខ កាលពីខែកញ្ញា និងតាមរយៈវីដេអូកាលពីខែធ្នូ ឆ្នាំ២០២២ និងថែមទាំងផ្ដល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែនផងដែរ។

ជំហរបែបនេះស្ដែងឱ្យឃើញពីជំហរអព្យាក្រឹត តែអ្វីដែលគេឃើញជាក់ស្ដែងក្នុងរយៈពេល៤ខែដំបូងនៃសង្រ្គាម គឺចិនឈរនៅខាងរុស្ស៉ី។ នៅក្នុងខែកុម្ភៈ និងខែឧសភា ក្រសួងការបរទេសចិន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានប្រើពាក្យ «ប្រតិបត្តិការយោធាពិសេស» ដើម្បីហៅសង្គ្រាមឈ្លានពានរបស់រុស្ស៉ី។ ដោយឡែក នៅឯ UN ឯណោះវិញ ចិនបានបោះឆ្នោតជំទាស់នឹងដំណោះស្រាយថ្កោលទោសរុស្ស៉ី បោះឆ្នោតជំទាស់នឹងការស៊ើបអង្កេតពីឧក្រិដ្ឋកម្មសង្រ្គាម និងបោះឆ្នោតគាំទ្រដំណោះស្រាយរុស្ស៉ី កាលពីខែមីនា (ឆ្នាំ២០២២) នៅឯក្រុមប្រឹក្សាសន្តិសុខ UN ដែលបំភ្លេចចោលការទទួលខុសត្រូវរបស់រុស្ស៉ីលើសង្រ្គាមអ៊ុយក្រែន។ នេះក៏បានបង្ហាញដែរពីគោលនយោបាយការបរទេស ជាអាទិភាពរបស់ចិន នោះគឺការប្រកួតប្រជែងយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក នៅក្នុងបរិបទនៃការប្រកួតប្រជែងកំពូលមហាអំណាចដែលជាទូទៅគេច្រើនលើកពាក្យស្លោក មួយមកធ្វើជាឧទាហរណ៍គឺ «សត្រូវរបស់សត្រូវខ្ញុំ គឺជាមិត្តរបស់ខ្ញុំ»។

ប៉ុន្មានខែដំបូងនៃសង្រ្គាម សេចក្ដីថ្លែងការណ៍ជាច្រើនរបស់ក្រុមមន្ត្រីចិន សុទ្ធតែបង្ហាញជំហរឈរគាំទ្រការរិះគន់របស់រុស្ស៉ីលើសហរដ្ឋអាមេរិក ជុំវិញសង្រ្គាមអ៊ុយក្រែន ដោយ​មានទាំងការចោទប្រកាន់ថាសហរដ្ឋអាមេរិកកំពុងទាញយកប្រយោជន៍សេដ្ឋកិច្ចពីសង្រ្គាម និងរិះគន់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ព្រមទាំងគាំទ្រការព្រួយបារម្ភរបស់រុស្ស៉ីលើការ ពង្រីកឥទ្ធិពល NATO ឆ្ពោះទៅទិសខាងកើតក្បែររបងផ្ទះរុស្ស៉ី។ ចុងក្រោយបំផុត នៅខែសីហា ឆ្នាំ២០២២ ស្ថានទូតចិនប្រចាំទីក្រុងមូស្គូថែមទាំងបានហៅសហរដ្ឋអាមេរិក ថាជា «មេញុះញង់បង្កសង្រ្គាម» នៅអ៊ុយក្រែនទៀតផង។

យ៉ាងណាក៏ដោយ ខណៈសង្រ្គាមបន្តអូសបន្លាយ វោហាសាស្ត្រប្រឆាំងសហរដ្ឋអាមេរិករបស់ចិន ទាក់ទិននឹងសង្រ្គាមអ៊ុយក្រែនបានថយចុះទៅវិញ។ ក្រសួងការបរទេសចិន មិនបានប្រើពាក្យ «ប្រតិបត្តិការយោធាពិសេស» ចាប់តាំងពីខែឧសភាមក។ ពោលគឺចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយទៅ នឹងសំណួរចំនួន២២ ស្ដីពីសង្រ្គាមអ៊ុយក្រែន ដោយរិះគន់ដោយផ្ទាល់ចំពោះអង្គការ NATO ជាពិសេសគឺលើកឡើងពីការពង្រីកឥទ្ធិពលរបស់ NATO ឆ្ពោះទៅរកទិសខាងកើត ដែលជាហេតុផលមួយធ្វើឱ្យសង្រ្គាមផ្ទុះឡើង។ តែចាប់តាំងពីខែតុលា ដល់ខែធ្នូកន្លងទៅ មានសន្និសីទសារព័ត៌មានចំនួន២លើកប៉ុណ្ណោះដែលបន្តធ្វើការរិះគន់របៀបនេះ គឺនៅថ្ងៃទី២​ ខែធ្នូ និងថ្ងៃទី២១ ខែធ្នូ។ ដោយឡែក នៅខែតុលាវិញ ចិនបានបោះឆ្នោតអនុបវាទ ជាជាងបោះឆ្នោតវេតូ នៅឯក្រុមប្រឹក្សាសន្តិសុខ UN ផ្ទុយទៅនឹងកាលពីខែមីនា ដែលចិនបានបោះឆ្នោតគាំទ្រដំណោះស្រាយរុស្ស៉ី។ ការថយចុះការរិះគន់សហរដ្ឋអាមេរិកជាសាធារណៈនៅក្នុងបរិបទនេះនឹងមិនអាចហាមឃាត់ការងាកទៅរករុស្ស៉ីរបស់ចិន បាននោះទេ ពីព្រោះថា «សត្រូវរួម» របស់ចិន និងរុស្ស៉ីមិនមានការប្រែប្រួលឡើយ ហើយអ្វីដែលកំពុងប្រែប្រួលគ្រាន់តែជា «ការផ្លាស់ប្ដូរមធ្យោបាយតែប៉ុណ្ណោះ មិនមែនជា ការផ្លាស់ប្ដូរទៅរកទីបញ្ចប់រវាងចិន និងរុស្ស៉ីទេ។

* បន្ត និងបង្កើនការធ្វើពាណិជ្ជកម្មជាមួយរុស្ស៉ី
បើទោះជាមានការព្រមានពីបណ្ដាប្រទេសលោកខាងលិចនាំមុខដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងរាល់ «ការគាំទ្ររុស្ស៉ី» ក៏ដោយ ក៏ចិននៅតែបន្ត និងការធ្វើពាណិជ្ជកម្មកាន់តែ ស៊ីជម្រៅជាមួយរុស្ស៉ី។ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ការនាំចូលរបស់ចិនពីរុស្ស៉ីបានកើនឡើង ៤៣ភាគរយ ហើយការនាំចេញរបស់ចិនទៅកាន់រុស្ស៉ីវិញ បានកើនឡើង ១៣ភាគរយ។ មិនតែប៉ុណ្ណោះ អ្វីដែលសំខាន់នោះគឺចិនបង្កើនការនាំចូលប្រេងឆៅពីរុស្ស៉ីតែម្ដង។ ការនាំចូលប្រេងរបស់ចិនពីរុស្ស៉ីបានកើនឡើង ៨ភាគរយ ពោលគឺកើនឡើងពី ៧៩.៦លានតោន ដល់៨៦.២លានតោន ឬគិតជាទឹកប្រាក់កើនឡើង ៤៤ភាគរយ ស្មើនឹង៤០.៥ពាន់លានដុល្លារ ដល់៥៨.៤ពាន់លានដុល្លារ ដែលនេះធ្វើឱ្យចិនកា្លយជា អ្នកនាំចូលប្រេងធំជាងគេបំផុតពីរុស្ស៉ីក្នុងឆ្នាំ២០២២។

គួរបញ្ជាក់ថា បច្ចុប្បន្ន ចិនមិនមានឆន្ទៈផ្ដល់ជំនួយយោធាដល់រុស្ស៉ីនោះទេ តែសង្រ្គាមនៅអ៊ុយក្រែនក៏មានជាប់ពាក់ព័ន្ធផងដែរនឹងផលប្រយោជន៍របស់ចិន នោះគឺច្បាស់ណាស់ ចិនប្រាកដជាចង់ឃើញលោកខាងលិចចាញ់នៅអ៊ុយក្រែន ដែលនេះអាចធ្វើឱ្យឥទ្ធិពលអាមេរិក និងលោកខាងលិចថមថយចុះ៕