(កៀវ)៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov បាននិយាយនៅថ្ងៃពុធនេះថា លោកមានទំនុកចិត្តយ៉ាងមុតមាំថា បណ្តាប្រទេសលោកខាងលិចនឹងផ្គត់ផ្គង់យន្តហោះចម្បាំងទៅទីក្រុងកៀវ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ទោះបីមានអ្នកខ្លះមិនទាន់ក្តៅចំពោះគំនិតនេះក៏ដោយ។ នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍ជាមួយ Reuters នៅទីក្រុងប្រ៊ុចសែល លោក Reznikov បានកត់សម្គាល់ថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែននៅទីបំផុត បានផ្តល់ប្រព័ន្ធអាវុធលោកខាងលិចជាច្រើន បន្ទាប់ពីបាននិយាយដំបូងថាពួកគេនឹងមិនធ្វើដូច្នេះទេ។ លោកបានថ្លែងថា «ការមិនអាចទៅរួច បានក្លាយទៅជាអាចទៅរួចហើយ»។

លោកបានបន្តថា យន្តហោះចម្បាំងត្រូវបានគេត្រូវការជាផ្នែកមួយ នៃប្រព័ន្ធការពារដែនអាកាសដ៏ទូលំទូលាយដើម្បីការពារអ៊ុយក្រែនពីការវាយប្រហាររបស់រុស្ស៊ី។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ក្រុងវ៉ាស៊ីនតោននឹងមិនផ្តល់យន្តហោះ F-16 ដល់អ៊ុយក្រែនទេ ហើយអធិការបតីអាល្លឺម៉ង់ Olaf Scholz ក៏បានច្រានចោលការបញ្ជូនយន្តហោះចម្បាំងដែរ។

ប្រទេសផ្សេងទៀតដូចជាប៉ូឡូញបានបង្ហាញថា ពួកគេបើកចំហចំពោះគំនិតនេះ ប៉ុន្តែនឹងធ្វើសកម្មភាពដោយការគាំទ្ររបស់លោកខាងលិចប៉ុណ្ណោះ។ អង់គ្លេសបាននិយាយថា ខ្លួននឹងផ្តល់ការបណ្តុះបណ្តាលសម្រាប់អ្នកបើកយន្តហោះចម្បាំងអ៊ុយក្រែន ប៉ុន្តែមិនទាន់សម្រេចចិត្តថា តើត្រូវផ្តល់យន្តហោះដល់ពួកគេឬអត់៕