(ស្កុតឡែន)៖ លោកស្រី Nicola Sturgeon បានប្រកាសលាលែងពីតំណែងជារដ្ឋមន្ត្រីទី១ របស់ប្រទេសស្កុតឡែន នៅក្នុងសន្និសីទសារព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅថ្ងៃពុធនេះ នៅទីក្រុង Edinburgh ដោយនិយាយថា ការចាកចេញរបស់លោកស្រី មិនមែនជាលទ្ធផលនៃសម្ពាធរយៈពេលខ្លីនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ទោះជាយ៉ាងណា លោកស្រី ​Sturgeon បាននិយាយថា លោកស្រីនឹងបន្តដឹកនាំរដ្ឋាភិបាលស្កុតឡែន រហូតដល់អ្នកស្នងតំណែងត្រូវបានរកឃើញ។

រដ្ឋមន្ត្រីទី១របស់ប្រទេសស្កុតឡែនរូបនេះបានគូសបញ្ជាក់ថា «ការសម្រេចចិត្តនេះបានកើតចេញ ពីការវាយតម្លៃដ៏ស៊ីជម្រៅ និងគិតយូរអង្វែងមកហើយ»។

លោកស្រី Sturgeon អាយុ ៥២ឆ្នាំបានក្លាយជាមេដឹកនាំគណបក្សជាតិស្កុតឡេន (SNP) ដែលកំពុងកាន់អំណាច បន្ទាប់ពីការធ្វើប្រជាមតិឯករាជ្យឆ្នាំ២០១៤ នៅពេលដែលស្កុតឡែនបានបោះឆ្នោតគាំទ្រ ៥៥%​ទល់នឹង ៤៥% ដើម្បីបន្តនៅក្នុងចក្រភពអង់គ្លេស។

លោកស្រីបានដឹកនាំគណបក្សរបស់ខ្លួន ឱ្យទទួលបានជោគជ័យយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកលឆ្នាំ២០១៥ នៅចក្រភពអង់គ្លេស ដោយឈ្នះ ៥៦ អាសនៈក្នុងចំណោម ៥៩អាសនៈរបស់ប្រទេសស្កុតឡេន ហើយធ្វើឲ្យវាក្លាយជាគណបក្សធំទីបីនៅចក្រភពអង់គ្លេស។

ប៉ុន្តែថ្មីៗនេះ លោកស្រីបានប៉ះទង្គិចជាមួយរដ្ឋាភិបាលទីក្រុងឡុងដ៍របស់នាយករដ្ឋមន្ត្រី លោក Rishi Sunak ក៏ដូចជាសមាជិកមួយចំនួនរបស់លោកស្រីផ្ទាល់ ជុំវិញច្បាប់កែភេទ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះរដ្ឋាភិបាល លោកស្រី Sturgeon បាន​ជាប់គាំង​ជា​បន្តបន្ទាប់​ ជុំវិញ​គោលនយោបាយ​កែភេទ​របស់ខ្លួន។បន្ទាប់ពីបានអនុម័តច្បាប់ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួល ក្នុងការផ្លាស់ប្តូរភេទស្របច្បាប់។ រដ្ឋាភិបាលចក្រភពរបស់ លោក Sunak បាននិយាយថា ខ្លួននឹងរារាំងច្បាប់នេះ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ច្បាប់នៅក្នុងចក្រភពអង់គ្លេសទាំងមូល៕