(ម៉ានីល)៖ ប្រមុខកងទ័ពជើងគោកហ្វីលីពីន បានប្រកាសនៅថ្ងៃពុធនេះថា ទីក្រុងម៉ានីលនឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក ក្នុងទ្រង់ទ្រាយធំបំផុត គិតចាប់តាំងពីឆ្នាំ២០១៥មក ស្របពេលដែលភាពតានតឹងកំពុងកើនឡើងជាមួយចិន នៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក រ៉ូមីអូ ប្រោនណឺ (Romeo Brawner) ដែលជាប្រមុខកងទ័ពជើងគោកប្រទេសហ្វីលីពីន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សមយុទ្ធយោធាប្រចាំឆ្នាំ ហៅថា «បាលីកាតាន់ (Balikatan)» នឹងប្រារព្ធឡើងនៅកំលុងត្រីមាសទី២ ឆ្នាំនេះ ហើយនឹងមានការចូលរួមពីកងទ័ពលើស៨,៩០០នាក់ ដែលជាចំនួននៃសមយុទ្ធកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០១៥ កងកម្លាំងយោធាសរុបជាង១១,០០០នាក់ មកពីប្រទេសទាំងពីរ បានចូលរួមក្នុងសមយុទ្ធបាលីកាតាន់។ លោក ប្រោនណឺ បានសង្កត់ធ្ងន់ថា «សមយុទ្ធយោធាទាំងនេះដែលកំពុងធ្វើ គឺដើម្បីឆ្លើយតបចំពោះការគំរាមកំហែងគ្រប់ប្រភេទ ដែលពួកយើងអាចនឹងប្រឈមនាពេលអនាគត»

គួរបញ្ជាក់ថា ការពង្រឹងសមយុទ្ធយោធារួមខាងលើ រំលេចឱ្យឃើញពីភាពប្រសើរឡើងនៃទំនាក់ទំនងរបស់ទីក្រុងម៉ានីល ជាមួយទីក្រុងវ៉ាស៉ីនតោន នៅក្រោម​ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) ហើយកើតមានឡើងស្របពេលដែល ហ្វីលីពីនកំពុងរិះគន់សកម្មភាព​របស់ចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូង រួមមានទាំងការបាញ់ភ្លើងឡាស៊ែរដាក់លើនាវាឆ្មាំសមុទ្រ១គ្រឿងរបស់ហ្វីលីពីន កាលពីពេលថ្មីៗនេះផងដែរ៕