(មូស្គូ)៖ នៅសល់តែ៩ថ្ងៃទៀតតែប៉ុណ្ណោះ ខួបមួយឆ្នាំនៃសង្គ្រាមក្នុ្ងងប្រទេសអ៊ុយក្រែននឹងឈានមកដល់។ ដំណើរការចរចាដើម្បីរកការបញ្ចប់សង្គ្រាម មិនបានទទួល ជោគជ័យនោះឡើយ។ សហរដ្ឋអាមេរិកនិងអង្គការណាតូ បានជួបប្រជុំគ្នា២ថ្ងៃក្នុងសប្តាហ៍នេះដោយជំរុញការបញ្ជូនអាវុធកាន់តែឆាប់រហ័សដល់អ៊ុយក្រែន ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។

ខណៈដែលសង្គ្រាមបានឈានចូលដល់ថ្ងៃទី៣៥៦នេះ មានការរំលឹកព្រឹត្តិការណ៍ខ្លះពាក់ព័ន្ធនឹងការស្វែងរកការចរចាបញ្ចប់សង្គ្រាម ប៉ុន្តែកិច្ចប្រឹងប្រែងនោះ ត្រូវគេរាយការណ៍ ថាត្រូវបានបំផ្លាញដោយសារតែប្រទេសលោកខាងលិចមិនទាន់ចង់បញ្ចប់ និងជំរុញការបន្តការវាយសំពងដាក់លើប្រទេសរុស្ស៊ី។ សង្គ្រាមបានកើតឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ សង្គ្រាមតាមពិតនឹងអាចត្រូវបានបញ្ចប់់ហើយនៅក្នុងខែមីនា ឆ្នាំ២០២២ដដែលនោះ។ រុស្ស៊ីត្រូវគេរាយការណ៍ថាក៏បានត្រៀមលក្ខណៈ ចំណែកអ៊ុយក្រែនវិញ ក៏បានត្រៀមលក្ខណៈ ប៉ុន្តែគឺប្រទេសលោកខាងលិចនោះទេ ដែលខ្ទប់មិនឱ្យមានការបញ្ចប់សង្គ្រាមនោះ។

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បានថ្លែងថាប្រទេសលោកខាងលិចមិនអនុញ្ញាតឱ្យសង្គ្រាមនោះចប់ឡើយ។ លោក Naftali Bennett បានផ្តល់ កិច្ចសម្ភាសន៍របស់លោកទៅកាន់ Channel 12 របស់ប្រទេសអ៊ីស្រាអែល ដែលអាថ៌កំបាំងនោះត្រូវបានកាសែតលើពិភពលោកបានចេញផ្សាយនូវអ្វីស្ថិត ពីខាងក្រោយឆាកនេះ។ លោក Bennett បានថ្លែងថា រូបលោកគឺជាអ្នកសម្របសម្រួលមួយក្នុងការស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនេះកាលពីខែមីនា ឆ្នាំ២០២២។ អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានថ្លែងថា លោកពូទីន និងលោក ហ្សេលេនស្គី ទាំង២នាក់បានត្រៀមខ្លួនរួចទៅហើយនៅ ក្នុងការធ្វើសម្បទានដាក់គ្នាទៅវិញទៅមក ប៉ុន្តែ លោកបញ្ជាក់ថាគឺប្រទេសលោកខាងលិច បានបំផ្លាញចោលទៅវិញនូវគម្រោងសន្តិភាពនោះ។

លោកបន្តថាគឺពួកគេចង់សំពងលោក វ្លាឌីមៀ ពូទីន។ លោក Bennett បានថ្លែងរំលឹកថា ៨ថ្ងៃបន្ទាប់ពីថ្ងៃទី២៤ ខែកុម្ភៈ…នោះគឺនៅ ថ្ងៃទី៤ ខែមីនា លោកបានធ្វើទស្សនកិច្ចក្នុង ប្រទេសរុស្ស៊ីដើម្បីធ្វើជាអ្នកជួយសម្រុះសម្រួល។ កាលនោះមានមេដឹកនាំនៃប្រទេសលោកខាងលិចតែប្រមាណពី២ទៅ៣នាក់តែប៉ុណ្ណោះដែ បានជួបជាមួយនឹងលោកពូទីន ដែលក្នុងនោះក៏រួមមានទាំងលោក Bennett ផងដែរ។ អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបានថ្លែងថាភាពសម្របសម្រួលរបស់លោកក្នុងពេល នោះវិះតែនឹងទទួលបាន ជោគជ័យទៅហើយ ដោយលោកពូទីនពេលនោះបានសន្យាថានឹងមិនសម្លាប់លោកហ្សេឡិនស្គីនោះទេ។

លោក Naftali Bennett បានថ្លែងថាប្រមាណ៣ទៅបួនម៉ោងនៅពេលដែលលោកបានជួបជាមួយលោកពូទីន លោកបានសួរទៅលោកពូទីនថាតើពូទីននឹងសម្លាប់ លោក ហ្សេលេនស្គី ដែរឬទេ។ លោកថាលោកពូទីនបញ្ជាក់មកវិញថា គាត់នឹងមិនសម្លាប់លោកហ្សេឡិនស្គីនោះឡើយ។ បន្ទាប់មកលោក Naftali Bennett បាននិយាយរកការបញ្ជាក់ បន្ថែមទៀតថាលោកត្រូវតែរកការអះអាងច្បាស់លាស់ថាសម្តីដែលបានសន្យានោះគឺជាការពិត…និងលោក ពូទីនបានបញ្ជាក់បន្ថែមមកទៀតថាលោកនឹងមិនសម្លាប់ លោកហ្សេលេនស្គី នោះទេ។ ហើយការសន្យានោះមិនមែនមានតែត្រឹមប៉ុណ្ណោះទេ។ លោក ពូទីនមានបំណងចង់ទម្លាក់ចោលនូវការចង់បានដ៏ធំមួយរបស់លោកថែមទៀត នោះគឺការដកអាវុធពីប្រទេសអ៊ុយក្រែន។

លោក Naftali Bennett បានថ្លែងបន្តថា លោកបានប្រញាប់ទូរស័ព្ទប្រាប់លោកហ្សេលេនស្គីថា លោកបានចេញពីប្រជុំជាមួយលោកពូទីនហើយ និងថាលោក ពូទីនបាននិយាយ បញ្ជាក់ថា គាត់នឹងមិនសម្លាប់លោកហ្សេលេនស្គីឯងនោះទេ។ ពេលនោះលោកហ្សេលេនស្គី បានសួរមកវិញថា តើវាជាការពិតមែនឬ? លោក Naftali Bennett បានបន្តទៀតថា ខ្ញុំបានប្រាប់ទៅលោកហ្សេលេនស្គីវិញថា វាពិតប្រាកដ ១០០ភាគរយ គឺពូទីនមិនសម្លាប់រូបលោកទេ។ ប្រមាណ២ម៉ោងក្រោយមក ហ្សេលេនស្គី បានទៅការិយាល័យរបស់គាត់ និងបានថតខ្លួនឯងដាក់លើទូរស័ព្ទនិងនិយាយថា ខ្ញុំមិនខ្លាចទេ។ អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្លែងថា នោះគឺជាសម្បទានមួយ។ ហើយសម្បទានមួយទៀតនោះ គឺការមិនដកអាវុធពីអ៊ុយក្រែន។

លោក Naftali Bennett បានថ្លែងថាពេលនោះអ៊ុយក្រែនក៏បានត្រៀមលក្ខណៈធ្វើសម្បទានដែរ។ លោក ហ្សេលេនស្គី បានប្រាប់លោក Bennett វិញថាអ៊ុយក្រែនក៏នឹងមិនស្វែង រកការធ្វើជាសមាជិករបស់អង្គការណាតូនោះដែរ។ ដូច្នេះក្នុងន័យនេះ គឺលោក ពូទីន បានសន្យាដកការទាមទារធំ២របស់លោកចេញ នោះគឺការមិនសម្លាប់លោក ហ្សេលេនស្គី និងការមិនដកអាវុធអ៊ុយក្រែន…ចំណែកលោក ហ្សេលេនស្គីបាន សន្យាថាក៏នឹងមិនស្វែងរកការបញ្ចូលអ៊ុយក្រែនជាសមាជិករបស់អង្គការណាតូនោះឡើយ។ នេះគឺជាការធ្វើ សម្បទានមួយដែលរំពឹងក្នុងពេលនោះថានឹងអាចធ្វើឱ្យសង្គ្រាមបានបញ្ចប់ ប៉ុន្តែលោកខាងលិចមិនបានឱ្យរឿងនោះបានកើតឡើងឡើយ។

លោក Naftali Bennett បានថ្លែងថា មេដឹកនាំលោកខាងលិចម្នាក់ៗសុទ្ធមានវិធីរបស់គេរៀងៗខ្លួន។ លោកថាបើលោកបូរីសចនសុននោះវិញ ជាមនុស្សដែលមានលក្ខណៈ កាងបំពាន Aggressive… ចំណែកមេដឹកនាំបារាំងលោកម៉ាក្រុងនិងមេដឹកនាំអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ មានចរឹតលក្ខណៈមនុស្សជាក់ស្តែងនិយម Pragmatic…រីឯលោកបៃដិន មានលក្ខណៈទាំង២ ទាំងកាងបំពាន និងនិយមភាពពិតជាក់ស្តែង។ លោកបានថ្លែងថាដូច្នេះការសម្រេចរបស់លោកខាងលិច គឺត្រូវបន្តវាយប្រហារដាក់លោក ពូទីន។ លោក Naftali Bennett បានបន្តថាអ្វីដែលលោកបានធ្វើ គឺការសម្របសម្រួល រហូតទៅដល់ទីចុងបំផុតជាមួយសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំង។

លោកថាគេបានរារាំងមិនឱ្យមានការបញ្ឈប់សង្គ្រាមនោះទេ ហើយខ្ញុំគិតថា ការគិតរបស់គេនោះ គឺជាការគិតខុស។ ការគិតរបស់លោកខាងលិចក្នុងការបន្តសង្គ្រាម នោះហើយ បានជាក្នុងរយៈពេលជិតមួយឆ្នាំមកនេះ អ្នកដែលរងគ្រោះពិតប្រាកដគឺជនស៊ីវិលស្លូតត្រង់របស់អ៊ុយក្រែនដោយសារតែល្បែងនយោបាយរបស់ក្រុមបស្ចឹមប្រទេស។ ស្ត្រីនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងប្រតិកម្មជុំវិញការបើកកកាយរឿងពិតកន្លងមកនេះដោយបញ្ជាក់មកវិញថានេះគឹជាសម្តីសារភាពមួយទៀត ដែលបង្ហាញថាប្រទេសលោកខាងលិចមិនមានបំណងចង់ឱ្យអ៊ុយក្រែនមានសន្តិភាពឡើយ។ សង្គ្រាមក្នុងរយៈពេលមួយឆ្នាំមកនេះ អ៊ុយក្រែនបានដាក់ប្រទេសរបស់ខ្លួនជា សមាជិករបស់ អង្គការណាតូ, ទាមទាររុស្ស៊ីត្រូវដកចេញពីទឹកដីរបស់អ៊ុយក្រែននិងទាមទារឱ្យតុលាការអន្តរជាតិរកយុត្តិធម៌ដល់អ៊ុយក្រែន។

ប៉ុន្តែ រុស្ស៊ីដែលប្រកាសកាត់យកទឹកដីខេត្តទាំង៤ភាគខាង កើតដូណេតស៍, លូហានស៍, ខឺសុន និងហ្សាប៉ូរីហ្សៀ បានប្រកាសភាពដាច់ខាតរបស់ខ្លួនក្នុង ការរក្សាទឹកដីរណប ទាំង៤ ដោយមិនប្រគល់ទៅឱ្យអ៊ុយក្រែនវិញនោះឡើយ។ ក្នុងនិទាឃរដូវដែលជិតមកដល់នេះ, ការវាយប្រហារទ្រង់ទ្រាយធំមួយដើម្បីដណ្តើមយកទឹកដីរុស្ស៊ីកាន់កាប់មកវិញ ត្រូវគេរំពឹងថានឹងអាចក្លាយជាសង្គ្រាមផ្តាច់ព្រ័តឆ្នាំ២០២៣។ សហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្ត បានសន្យាផ្តល់រថក្រោះទំនើប, ប្រព័ន្ធរ៉ុក្កែតបាញ់រយៈចម្ងាយឆ្ងាយ ដែលអ៊ុយក្រែនត្រូវការ, គ្រាប់រំសេវ និងប្រទេសខ្លះថែមទាំងបង្ហាញនូវការចង់ផ្តល់យុទ្ធហោះប្រយុទ្ធថែមទៀតតាមសេចក្តីត្រូវការរបស់ប្រទេសអ៊ុយក្រែន។

ក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃសប្តាហ៍នេះក្នុងក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក សហរដ្ឋអាមេរិក និងអង្គការណាតូ បានចេញសេចក្តីថ្លែងការណ៍ថាអ៊ុយក្រែនត្រូវការជាបន្ទាន់ នូវជំនួយយោធា។ ការចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានទន្ទឹមនឹងសេចក្តីរាយការណ៍ពីសមរភូមិដែលនិយាយថារុស្ស៊ី បានបើកយុទ្ធនាការ វាយលុករបស់ខ្លួនហើយ។ លោក ហ្សេលេនស្គី បានថ្លែងជំរុញដល់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តត្រូវតែបង្កើន ល្បឿនលឿនបំផុតក្នុងការប្រគល់ជំនួយយោធាមក អ៊ុយក្រែន ដើម្បីទប់ទល់នឹងកម្លាំងរុស្ស៊ី។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានថ្លែងរំពឹងថាអ៊ុយក្រែននឹងបើកយុទ្ធនាការវាយលុករបស់ខ្លួនមួយផងដែរក្នុង និទាឃរដូវ និងថាក្រុមប្រទេសសម្ព័ន្ធកំពុងតែធ្វើការនេះ ដើម្បីធានាថាអ៊ុយក្រែននឹងមានអាវុធនិងគ្រាប់រំសេវគ្រប់គ្រាន់ដើម្បីធ្វើឱ្យប្រតិបត្តិការទទួល បានជោគជ័យ។ ក្នុងកិច្ចប្រជុំ នោះផងដែរ អគ្គលេខាធិការអង្គការណាតូ លោក Jens Stolenberg បានថ្លែងថាគេមិនឃើញមានសញ្ញាណាមួយពីរុស្ស៊ីក្នុងការចង់បានសន្តិភាពនោះទេ។ លោកបន្តថាអ្វីដែល គេបានឃើញ គឺរុស្ស៊ីបានត្រៀមធ្វើសង្គ្រាមវាយលុកថ្មីនោះទៅវិញ។

ប្រទេសរុស្ស៊ីបានថ្លែងថា បើសិនណាជាប្រទេសលោកខាងលិចធ្វើឱ្យរុស្ស៊ីចាញ់សង្គ្រាមភាគខាងកើតអ៊ុយក្រែននោះមែន, រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊េ័ររបស់ខ្លួនជាមិនខាន។ លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថាអ្នកដែលចង់ចាប់គំរាមរុស្ស៊ីឱ្យប្រើអាវុធនុយក្លេអ៊េរ គប្បីត្រូវយល់ថា ខ្យល់នឹងបក់ទៅលើទិសដៅរបស់ពួកគេនោះ៕