(កៀវ)៖ អ៊ុយក្រែនបានជំរុញឲ្យសម្ព័ន្ធមិត្ត ពន្លឿនការបញ្ជូនជំនួយយោធាមកកាន់ទីក្រុងកៀវ ខណៈដែលក្រុមរដ្ឋមន្ត្រីការពារជាតិនៃអង្គការណាតូ (NATO) កំពុងជួបប្រជុំគ្នានៅថ្ងៃពុធនេះជាថ្ងៃទីពីរ ចំពោះមុខការអះអាងរបស់រុស្ស៊ីថា កងទ័ពរបស់ខ្លួនបានទម្លុះខ្សែការពារជួរមុខចំនួនពីររបស់អ៊ុយក្រែន នៅឯភាគខាងកើត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមក្រសួងការពារជាតិរុស្ស៉ី ទាហានអ៊ុយក្រែនបានដកថយនៅចំពោះមុខការវាយប្រហាររបស់រុស្ស៊ី នៅក្នុងតំបន់លូហាន់ (Luhansk) ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ ចំណែក វិមានក្រឹមឡាំងកំពុងជំរុញការវាយប្រហារកាន់តែខ្លាំង នៅទូទាំងតំបន់ភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយការវាយលុកថ្មីដ៏សំខាន់មួយត្រូវបានគេរំពឹងទុក។

យ៉ាងនេះក្តី នៅក្នុងការធ្វើបច្ចុប្បន្នភាពនៅព្រឹកថ្ងៃពុធនេះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន មិនបានលើកឡើងអំពីការដកថយក្រោយណាមួយរបស់ទាហានអ៊ុយក្រែន នៅក្នុងតំបន់លូហាន់នោះទេ។ ចាប់តាំងពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញដល់ទាហានរបស់ខ្លួន និងសម្ព័ន្ធមិត្តប្រមូលផ្តុំកម្លាំង ដោយនិយាយថារុស្ស៊ីកំពុងប្រញាប់ប្រញាល់ក្នុងការសម្រេចជោគជ័យ ឲ្យបានច្រើនតាមដែលអាចធ្វើបាន ហើយនោះជាមូលហេតុដែលលោកខាងលិចត្រូវពន្លឿនការបញ្ជូនអាវុធ មកកាន់ទីក្រុងកៀវ។

គួរបញ្ជាក់ថា ការចាប់យកទីក្រុងបាកមូត (Bakhmut) នឹងផ្តល់នូវជំហានថ្មីមួយសម្រាប់រុស្ស៊ីដើម្បីឈានទៅមុខ លើទីតាំងធំៗពីរគឺទីក្រុងក្រាម៉ាតូស្ក៍ (Kramatorsk) និងទីក្រុងស្លូវីយ៉ាន់ស្ក៍ (Sloviansk) នៃតំបន់ដូណេត ខណៈខួប១ឆ្នាំនៃសង្រ្គាមកាន់ខិតជិតមកដល់ គឺនៅថ្ងៃទី២៤ ខែកុម្ភៈ៕