(ប៉េកាំង)៖ ថ្ងៃទី១៤ខែកុម្ភៈ វេទិកាកំពូលសហគមន៍ទូរទស្សន៍ផ្លូវសូត្រឆ្នាំ២០២៣ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង ។វេទិកានេះមានប្រធានបទគឺ “ពួតដៃគ្នាដើម្បីរួមគ្នាកសាងនិងអភិវឌ្ឍ ធ្វើកិច្ចសហប្រតិបត្តិការដេីម្បីផ្តល់ផលប្រយោជន៍គ្នានិងឈ្នះ-ឈ្នះ” តំណាងប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសនិងតំបន់ចំនួន៣៣ បានចូលរួមតាមអនឡាញនិងនៅនឹងកន្លែង។

លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងជាប្រធានក្រុមប្រឹក្សាសហគមន៍ទូរទស្សន៍ផ្លូវសូត្រ បានថ្លែងសុន្ទរកថាដោយបានលើកឡើងថា ឆ្នាំ២០២៣ជាខួបទី១០ឆ្នាំដែលលោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”។ ការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ដោយមានគុណភាពខ្ពស់ បានក្លាយជាវេទិកាប្រកបដោយប្រសិទ្ធភាពសម្រាប់ ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ។ បច្ចុប្បន្នពិភពលោកបានឈរលើមាត់ផ្លូវបត់បែង នៃប្រវត្តិសាស្ត្រម្តងទៀត។ ប្រព័ន្ធសារព័ត៌មានបណ្តាប្រទេសគួរប្រកាន់ខ្ជាប់នូវស្មារតីនៃផ្លូវសូត្រ ដែលស្តីពីការពិភាក្សារួមគ្នា ការកសាងរួមគ្នា និងការចែករំលែករួមគ្នា ដើរតួនាទីជាស្ពាននិងចំណង ដើម្បីជំរុញយ៉ាងសកម្ម ក្នុងការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ។

តំណាងអន្តរជាតិដែលបានអញ្ជើញចូលរួមវេទិកានេះបានលើកឡើងថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” តម្រូវឱ្យប្រព័ន្ធសារព័ត៌មានធ្វើកិច្ចសហប្រតិបត្តិការ ខាងផ្សព្វផ្សាយឱ្យកាន់តែច្រើនឡើងនិងខ្លាំងថែមទៀត។ បណ្តាសមាជិកនៃសហគមន៍ទូរទស្សន៍ផ្លូវសូត្រ ត្រូវពួតដៃគ្នាជំរុញការអភិវឌ្ឍឆ្លងដែន ដើម្បីបង្ហាញពីគោលបំណងដ៏ល្អបវររបស់មនុស្សជាតិ ចំពោះការអភិវឌ្ឍសុខដុមរមនា។

ក្នុងវេទិកានេះបានប្រកាសនូវគម្រោងសហប្រតិបត្តិការសំខាន់ៗចំនួន១១ ក្នុងនោះរួមមាន ខ្សែភាពយន្តឯកសារខ្នាតធំ «ធ្វើដំណើរជាមួយគ្នា» រឿងភាពយន្តឯកសារដែលសហការថតនិងផលិតរវាងចិននិងអាមេរិក រវាងចិននិងបារាំង និងរឿង «ខ្លាឃ្មំផេនដានិងកូនដំរីស» ដែលជារឿងគំនូជីវជលដែលសហការថតនិងផលិតដោយចិននិងថៃ។ ក្រៅពីនេះស្នាដៃចំនួន៥រឿងដែលមកពីប្រទេសចិន ជប៉ុនអ៉ីរ៉ង់និងនេប៉ាល់បានទទួលកិត្តិនាមជាស្នាដៃដ៏ឆ្នើមប្រចាំឆ្នាំនៃរង្វាន “ខ្សែក្រវាត់មាស” ផងដែ។

គួរបញ្ជាក់ថា សហគមន៍ទូរទស្សន៍ផ្លូវសូត្របានកសាងអស់រយៈពេលជាង៧ឆ្នាំមកហើយ គិតត្រឹមពេលនេះមានសមាជិកនិងដៃគូចំនួន១៤៣ នៃប្រទេសនិងតំបន់ចំនួន៦៣ ប្រទេសG7សុទ្ធតែជាសមាជិកនៃសហគមហ៍នេះ ខណៈប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” បានចូលរួមជាទូទៅរួចជាស្រេច៕

វិទ្យុមិត្តភាពកម្ពុជាចិន