(កៀវ)៖ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អូឡេកស៉ី រ៉េសនីកូវ (Oleksii Reznikov) បានជ្រើសរើសអនុរដ្ឋមន្រ្តីថ្មីចំនួន ៣រូប នៅថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីរឿងអាស្រូវពុករលួយ បានប៉ះពាល់ដល់ក្រសួងការពារជាតិអ៊ុយក្រែន ចំពេលជិតមួយឆ្នាំនៃសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

អនុរដ្ឋមន្រ្តីម្នាក់របស់ លោក រ៉េសនីកូវ បានសុំលាលែងពីតំណែងកាលពីខែមករា បន្ទាប់ពីរងនូវការចោទប្រកាន់អំពើពុករលួយ ដែលក្រសួងបានបដិសេធ។ ចំណែកឯ ២រូបទៀត ត្រូវបានបណ្តេញចេញពីតួនាទី កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ រដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសថា ខ្លួនបានទទួលយកឧត្តមសេនីយឯក អូឡេកសាន់ដឺ ប៉ាវលុក (Oleksandr Pavliuk) ដែលធ្លាប់កាន់តំណែងជាអភិបាលក្រុងកៀវ រយៈពេលខ្លី ក្នុងអំឡុងពេលដំបូងនៃការលុកលុយរបស់រុស្ស៊ី ឲ្យក្លាយជាអនុរដ្ឋមន្រ្តីទី១ របស់លោក រ៉េសនីកូវ។ ដោយឡែក រដ្ឋមន្រ្តីពីររូបទៀតគឺ លោក អាន់ឌ្រី សេវឈិនកូ (Andriy Shevchenko) អតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសកាណាដា និង លោក វីតាលី ដេនីហា (Vitaliy Deyneha) អ្នកជំនាញផ្នែកព័ត៌មានវិទ្យា ដែលបានសហការបង្កើតអង្គការក្រៅរដ្ឋាភិបាល ដើម្បីប្រមូលថវិកាជួយយោធា។

គួរបញ្ជាក់ថា ការតែងតាំងខាងលើនេះធ្វើឡើង តាមការសន្យាជាសាធារណៈរបស់ លោក រ៉េសនីកូវ ក្នុងនោះមាននូវការចាប់ផ្ដើមដំណើរការ នាយកដ្ឋានប្រឆាំងអំពើពុករលួយឡើងវិញ ហើយនាំយកអ្នកជំនាញ និងសកម្មជន ឲ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយ ក្នុងគោលបំណងបង្ហាញពីតម្លាភាព៕