(សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល នៅថ្ងៃពុធនេះបាននិយាយថា វិបត្តិស្បៀងអាហារនៅកូរ៉េខាងជើង ហាក់បានធ្លាក់ទៅក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ស្របពេលដែលមានសេចក្តីរាយការណ៍ព័ត៌មានថា ទីក្រុងព្យុងយ៉ាងបានកាត់បន្ថយរបបអាហារសម្រាប់កងទ័ពរបស់ខ្លួន ជាលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើងហាក់បានទទួលស្គាល់ នូវការប្រឈមនឹងវិបត្តិខ្វះខាតស្បៀងធ្ងន់ធ្ងរ ដោយចង់សំដៅទៅលើ​ផែនការបើកកិច្ចប្រជុំបន្ទាន់មួយរបស់គណបក្សកាន់អំណាចកូរ៉េខាងជើង ស្តីពីវិស័យកសិកម្មនៅក្នុងខែកុម្ភៈនេះ។ ក្រសួងកូរ៉េខាងត្បូងបាននិយាយដូច្នេះថា «ស្ថានការណ៍ស្បៀងអាហាររបស់កូរ៉េខាងជើង គឺទំនងជាបានធ្លាក់ទៅក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរខ្លាំង»

ទន្ទឹមគ្នា សារព័ត៌មានកូរ៉េខាងត្បូង ដុងអេ អ៉ីលបូ (DongA Ilbo) បានរាយការណ៍នៅថ្ងៃពុធនេះថា កូរ៉ខាងជើងបានកាត់បន្ថយរបបអាហារប្រចាំថ្ងៃ សម្រាប់ទាហានរបស់ខ្លួនជាលើកដំបូងបំផុត គិតចាប់តាំងពីឆ្នាំ២០០០មក។ ដោយឡែក កាលពីថ្ងៃទី៦ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា គណបក្សកាន់អំណាចកូរ៉េខាងជើង បានស្នើឱ្យបើកកិច្ចប្រជុំមួយនៃគណៈកម្មាធិការមជ្ឈិមរបស់បក្ស នៅកំលុងចុងខែនេះ ដើម្បីពិភាក្សាអំពីកិច្ចការសំខាន់​និងបន្ទាន់ ក្រោមគោលដៅបង្កើតនូវយុទ្ធសាស្រ្តត្រឹមត្រូវ សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កូរ៉េខាងជើងធ្លាប់ទទួលរងវិបត្តិខ្វះស្បៀងធ្ងន់ធ្ងរ រួមមានទាំងគ្រោះទុរ្ភិក្សកាលពីទសវត្សរ៍ឆ្នាំ​១៩៩០ ដែលជារឿយៗបង្កឡើងដោយសារគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ដែលបំផ្លិចបំផ្លាញផលដំណាំជាដើម។ មួយវិញទៀត ប្រទេសឯកោមួយនេះស្ថិតក្រោម​ការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងរបស់អន្តរជាតិ ជុំវិញកម្មវិធីមីស៉ីលបាលិស្ទីគនិងអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយប៉ុន្មានចុងក្រោយនេះ ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន ដែលមានលក្ខណៈតិចតួចស្រាប់របស់កូរ៉េខាងជើង គឺសឹងតែគ្មានសកម្មភាពអ្វីសោះតែម្តង ដោយសារវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩៕