(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ យោធាអាមេរិកបានប្រកាសថា ខ្លួនបានផ្តល់កិច្ចសន្យាតម្លៃ៥២២លានដុល្លារ ដើម្បីឱ្យក្រុមហ៊ុនចំនួនពីរផលិត គ្រាប់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ សម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

កិច្ចសន្យានោះបានទៅលើក្រុមហ៊ុន ណ័សរ៉ូប គ្រូមមែន (Northrop Grumman) និងក្រុមហ៊ុន Global Military Product ហើយវាកើតឡើងចំពេល ដែលសង្រ្គាមអ៊ុយក្រែនបានធ្វើឱ្យចំនួនគ្រាប់កាំភ្លើងធំ នៅក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក ក៏ដូចជារបស់ប្រទេសលោកខាងលិចដទៃទៀត មានការថយចុះជាខ្លាំង។ បើតាមសេចក្តីថ្លែងការណ៍របស់យោធាអាមេរិក ការប្រគល់គ្រាប់កាំភ្លើងធំទាំងនោះ ត្រូវបានកំណត់ថា នឹងចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំនេះ។

គួរបញ្ជាក់ថា អ៊ុយក្រែននិងរុស្ស៉ីបានប្រើប្រាស់ គ្រាប់កាំភ្លើងធំអស់ចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីជិត១ឆ្នាំមុន។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ទីក្រុងវ៉ាស៉ីនតោនបានអះអាងថា កងកម្លាំងរុស្ស៉ីបានបាញ់គ្រាប់កាំភ្លើងធំប្រហែល ២០,០០០គ្រាប់ ក្នុងមួយថ្ងៃៗនាពេលនោះ ខណៈអត្រានៃការបាញ់របស់អ៊ុយក្រែន គឺចន្លោះ៤,០០០-៧,០០០គ្រាប់ក្នុងមួយថ្ងៃ ដែលលឿនជាងសមត្ថភាពផលិតគ្រាប់កាំភ្លើងធំ ​របស់បណ្តាក្រុមហ៊ុនលោកខាងលិចភាគច្រើន៕