(វែលីងតោន)៖ មនុស្សចំនួន ៣នាក់បានបាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតត្រូវផ្លាស់ទីលំនៅក្នុងប្រទេសនូវែលសេឡង់ បន្ទាប់ពីព្យុះស៊ីក្លូនហ្កាប្រ៊ីល (Gabrielle) នាំមកនូវទឹកជំនន់ និងការបាក់ដីយ៉ាងខ្លាំងក្លានៅផ្នែកភាគខាងជើងនៃប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ព្យុះស៉ីក្លូនហ្កាប្រ៊ីល ដែលទៅដល់ប្រទេសនូវែលសេឡង់ ចាប់តាំងពីថ្ងៃអាទិត្យចុងសប្តាហ៍មក មុនពេលបោកបក់លើឆ្នេរសមុទ្រភាគខាងកើតនៃកោះខាងជើង បានកាត់ផ្តាច់ទីក្រុងទាំងមូល បំផ្លាញកសិដ្ឋាន ស្ពាន និងសម្លាប់សត្វចិញ្ចឹម ជន់លិចផ្ទះសម្បែង។ ក្រោយមកបានចុះខ្សោយនិងបាត់បង់ឥទ្ធិពល នៅថ្ងៃពុធនេះ។ ប្រហែល៣ភាគ៤នៃប្រជាជននូវែលសេឡង់ចំនួន ៥លាននាក់ ដែលរស់នៅលើកោះខាងជើង បានរងផលប៉ះពាល់ពីព្យុះស៉ីក្លូននេះ។

ក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ លោក ឃីរ៉ាន ម៉េកអានូលធី (Kieran McAnulty) រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះអាសន្ននូវែលសេឡង់ បានគូសបញ្ជាក់ថា «យើងរីករាយដែលអាចឆ្លងកាត់ព្យុះដ៏អាក្រក់បំផុតនេះបាន ប៉ុន្តែយើងមិនទាន់រួចផុតពីគ្រោះថ្នាក់នៅឡើយទេ។ វានឹងចំណាយពេលច្រើនសប្តាហ៍ដើម្បីស្តារឡើងវិញ សម្រាប់តំបន់ដែលរងផលប៉ះពាល់ខ្លាំង។ យើងត្រូវប្រើពេលវែងដើម្បីធ្វើកិច្ចការនេះ»។

គួរបញ្ជាក់ថា នូវែលសេឡង់បានប្រកាសភាពអាសន្នជាតិដោយសារតែព្យុះស៉ីក្លូន Gabrielle កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលជាលើកទី៣ហើយសម្រាប់ប្រទេសនូវែលសេឡង់៕