(អង់ការ៉ា)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ មនុស្សចំនួន ៩នាក់ដែលនៅរស់រៀនមានជីវិត ត្រូវបានជួយសង្រ្គោះចេញពីគំនរបែកបាក់នៃអគារក្នុងប្រទេសតួកគី ដែលមានរយៈពេលជាងមួយសប្តាហ៍ទៅហើយគិតចាប់តាំងពីការរញ្ជួយដី ខណៈកិច្ចខិតខំប្រឹងប្រែផ្តល់ជំនួយកំពុងផ្តោតលើប្រជាជន ដែលគ្មានទីជម្រក ឬអាហារគ្រប់គ្រាន់កំឡុងពេលនៃអាកាសធាតុដ៏ត្រជាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

គ្រោះមហន្តរាយដែលមានចំនួនអ្នកស្លាប់រួមបញ្ចូលគ្នា នៅតួកគី និងស៉ីរីលើសពី ៤១,០០០នាក់នេះ បានបំផ្លាញទីក្រុងជាច្រើននៃប្រទេសទាំងពីរ ដោយបន្សល់ទុកអ្នករស់រានមានជីវិតជាច្រើនគ្មានផ្ទះសម្បែង ក្នុងសីតុណ្ហភាពដ៏ត្រជាក់នារដូវរងា។ អ្នកដែលត្រូវបានជួយសង្គ្រោះ រួមមានបងប្អូនពីរនាក់ដែលមានអាយុ ១៧ឆ្នាំ និង២១ឆ្នាំ ត្រូវបានទាញចេញពីប្លុកផ្ទះល្វែងក្នុងខេត្តការ៉ាម៉ាន់ម៉ារ៉ាស់ (Kahramanmaras)។ ចំណែកបុរស និងស្រ្តីវ័យក្មេងជនជាតិស៉ីរី២នាក់ទៀត ត្រូវបានជួយសង្រ្គោះនៅក្នុងទីក្រុងអាន់តាយ៉ា (Antakya) នៃប្រទេសតួកី បន្ទាប់ពីជាប់ក្នុងគំនរបែកបាក់ជាង១សប្តាហ៍។ អ្នកជួយសង្គ្រោះម្នាក់ បាននិយាយថា អាចនឹងមានមនុស្សនៅរស់ដែលត្រូវរកឃើញបន្តទៀត។

គួរបញ្ជាក់ថា ប្រធានាធិបតីតួកគី លោក តាយីព អឺដូហ្កាន់ បានទទួលស្គាល់ថាមានបញ្ហាក្នុងការឆ្លើយតបដំបូងចំពោះគ្រោះរញ្ជួយដីកម្រិតដ៏សាហាវនេះ ប៉ុន្តែរហូតមកទល់នឹងពេលនេះស្ថានភាពអាចគ្រប់គ្រងបានហើយ៕