(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបង្ហាញការគាំទ្រចំពោះអ៉ីរ៉ង់ កំលុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក អ៉ីប្រាហ៉ីម រ៉ៃស៊ី (Ebrahim Raisi) ក្នុងទីក្រុង ប៉េកាំង ខណៈទីក្រុងតេហេរ៉ង់ កំពុងព្យាយាមពង្រីកទំនាក់ទំនងជាមួយចិន និងរុស្ស៉ី ដើម្បីទប់ទល់ជាមួយទណ្ឌកម្មលោកខាងលិចជុំវិញកម្មវិធីនុយក្លេអ៊ែរ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក ស៊ី ជិនពីង បានគូសបញ្ជាក់ដូច្នេះថា «ចិនគាំទ្រអ៉ីរ៉ង់ នៅក្នុងកិច្ចការពារអធិបតេយ្យជាតិ និងដើម្បី តស៊ូប្រឆាំងនឹងការធ្វើបាប និងទង្វើឯកតោភាគីនិយម»។ ប្រធានាធិបតីចិនរូបនេះបន្ថែមថាទីក្រុងប៉េកាំងនឹងបន្តចូលរួមប្រកបដោយលក្ខណៈស្ថាបនា នៅក្នុងកិច្ចចរចាស្ដីពីការអនុវត្ត កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ជាមួយការអំពាវនាវឱ្យមានដំណោះស្រាយត្រឹមត្រូវមួយលើបញ្ហានេះ ខណៈបង្ហាញសាមគ្គីភាពជាមួយអ៉ីរ៉ង់ ក្នុងបរិបទនៃស្ថានការណ៍មិនច្បាស់លាស់ របស់ពិភពលោក។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក អ៉ីប្រាហ៉ីម រ៉ៃស៊ី ទៅកាន់ប្រទេសចិនពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែកុម្ភៈនេះ គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋដំបូងបំផុតរបស់លោក និងជាលើក ដំបូងរបស់ប្រធានាធិបតីអ៉ីរ៉ង់ម្នាក់ដែលបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ៕