(វ៉ាស៊ីនតោន)៖ ទីបញ្ជាការការពារដែនអាកាសតំបន់អាមេរិកខាងជើងរួមគ្នារវាងអាមេរិក និងកាណាដា ហៅកាត់ថា Norad បានឱ្យដឹងថាយន្ដហោះចម្បាំងអាមេរិក F-16 ចំនួន២ គ្រឿង បានហោះប្រដេញតាមយន្ដហោះចម្បាំងរុស្ស៉ី ៤គ្រឿង នៅក្បែរដែនអាកាសនៃរដ្ឋអាឡាស្កា ( Alaska)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាម Norad យន្ដហោះចម្បាំងរុស្ស៉ីទាំង៤គ្រឿងខាងលើ គឺជាប្រភេទយន្ដហោះទម្លាក់គ្រាប់បែក Tu-95 និងយន្ដហោះចម្បាំង Su-35 ហើយការហោះប្រដេញបានកើតឡើង កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់)។ Norad បានគូសបញ្ជាក់បន្ថែមនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដូច្នេះថា «យន្ដហោះចម្បាំងរុស្ស៉ីបន្តស្ថិតនៅក្នុង ដែនអាកាសអន្តរជាតិ និងមិនបានបំពានចូលដែនអាកាសអាមេរិក ឬកាណាដានោះទេ ហើយសកម្មភាពបែបនេះរបស់រុស្ស៉ីបានកើតឡើងជាប្រចាំ ដោយមិនបង្កការគំរាមកំហែង ឬជាសកម្មភាពបង្កហេតុនោះទេ។

គួរបញ្ជាក់ថា ខណៈការហោះប្រដេញតាមយន្ដហោះចម្បាំងរុស្ស៉ី កើតឡើងជាប្រចាំ យន្ដហោះចម្បាំងអាមេរិកដែលឈរជើងនៅក្នុងតំបន់អាមេរិកខាងជើងបានធ្វើសកម្មភាពប្រឆាំង នឹងការលុកលុយដ៏កម្រមួយនៅក្នុងខែកុម្ភៈនេះ ក្នុងនោះរួមមានទាំងការបាញ់ទម្លាក់បាឡុងមួយរបស់ចិន និងវត្ថុមិនស្គាល់អត្តសញ្ញាណ ៣ផ្សេងទៀត៕