(ហ៊្សេរុយសាឡិម)៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ៤នៅអឺរ៉ុប និងកាណាដា បានចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងការប្រឆាំងជំទាស់ទៅនឹង ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងការទទួលស្គាល់លំនៅដ្ឋានខុសច្បាប់៩ខ្នង ក្នុងតំបន់អាណានិគម នៅឯតំបន់ West Bank ដែនដីប៉ាឡេស្ទីន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ ពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្មីៗនេះ រដ្ឋាភិបាលអ៉ីស្រាអែលដឹកនាំដោយលោក ណេតាន់យ៉ាហ៊ូ បានទទួលស្គាល់លំនៅដ្ឋានខុសច្បាប់៩ខ្នង ក្នុងតំបន់អាណានិគម នៅឯតំបន់ West Bank ព្រមទាំង បានប្រកាសពីគម្រោងសាងសង់លំនៅដ្ឋានខុសច្បាប់បន្ថែមរហូតដល់ទៅជាង ១០,០០០ខ្នង។

សេចក្តីថែ្លងការណ៍រួមដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេស បារាំង អាល្លឺម៉ង់ អ៉ីតាលី និងអាមេរិក បានគូសបញ្ជាក់ថា​ «យើងសូមប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពឯកតោភាគី ដែលនឹងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ក៏ដូចជាធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ ដែលធ្លាប់ចរចាគ្នាកន្លងមក»។ ដោយឡែក រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly ក៏បានអះអាងដែរថាទីក្រុងអូតាវ៉ា ជំទាស់ដាច់អហង្ការចំពោះគម្រោងពង្រីក លំនៅដ្ឋានខុសច្បាប់របស់អ៉ីស្រាអែល ដោយសកម្មភាពឯកតោភាគីបែបនេះមានតែបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រទេសមហាអំណាចពិភពលោកភាគច្រើន ចាត់ទុកការតាំងទីលំនៅរបស់អ៉ីស្រាអែលលើទឹកដីដែលខ្លួនបានកាន់កាប់នៅក្នុងសង្គ្រាមឆ្នាំ១៩៦៧ ជាមួយ មហាអំណាចអារ៉ាប់ ថាជារឿងខុសច្បាប់។ ប៉ុន្តែអ៉ីស្រាអែល​បានជំទាស់ ដោយ​លើក​ឡើង​ពី​ទំនាក់ទំនង​នៃគម្ពីរ ប្រវត្តិសាស្ត្រ និង​នយោបាយ​ ផ្សារភ្ជាប់ទៅ​នឹង​តំបន់ West Bank ព្រម​ទាំង​ផលប្រយោជន៍​សន្តិសុខ។ ចាប់តាំងពីសង្រ្គាមឆ្នាំ១៩៦៧ អ៉ីស្រាអែលបានអនុញ្ញាតឲ្យមានការតាំងទីលំនៅចំនួន១៣២កន្លែង នៅលើទឹកដីប៉ាឡេស្ទីន។

ជាមួយនឹងភាពតានតឹងខ្ពស់ដែលមានស្រាប់នៅតំបន់ West Bank រួចហើយនោះ ទង្វើនេះបានធ្វើឲ្យមហាអំណាចពិភពលោកព្រួយបារម្ភថា នឹងនាំឲ្យមានអំពើហិង្សាកាន់តែខ្លាំង។ កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយឆ្មក់ជារៀងរាល់ថ្ងៃ នៅជិតតំបន់ West Bank ដោយបន្តការបង្រ្កាបដែលបានចាប់ផ្តើមកាលពីឆ្នាំ២០២២មក៕