(ប៊ុយការ៉េស)៖ ប្រព័ន្ធឈ្លបយកការណ៍របស់កងទ័ពអាកាសនៃប្រទេសរូម៉ានី បានចាប់សញ្ញាវត្ថុម្យ៉ាងនៅក្នុងដែនអាកាសរបស់ខ្លួន ដែលទំនងជាបាឡុងឧតុនិយម។ នេះបើតាម ក្រសួងការពារជាតិរូម៉ានី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិរូម៉ានី បានឱ្យដឹងទៀតថាយន្ដហោះចម្បាំង MiG 21 ចំនួន២គ្រឿងរបស់កងទ័ពអាកាសរូម៉ានី បានធ្វើប្រតិបត្តិការភ្លាមៗ ទៅកាន់តំបន់ភាគអាគ្នេយ៍នៃប្រទេស ១០នាទី បន្ទាប់ពីចាប់បានសញ្ញាវត្ថុមួយ តែមិនអាចបញ្ជាក់ពីវត្តមាននៃវត្ថុនេះទេ ហើយក៏មិនអាចបញ្ជាក់ពីប្រភពដើម ឬថាតើវាជាកម្មសិទ្ធិ របស់នរណានោះដែរ។ បើតាមក្រសួងការពារជាតិរូម៉ានី វត្ថុនេះដដែលដែលទំនងជាបាឡុងឧតុនិយមនោះបានហោះនៅរយៈកម្ពស់ ១១,០០០ម៉ែត្រ។

គួរបញ្ជាក់ថា យន្ដហោះចម្បាំង MiG 21 ទាំង២គ្រឿងខាងលើរបស់រូម៉ានី បានស្ថិតកន្លែងកើតហេតុរយៈពេល ៣០នាទី មុននឹងត្រឡប់ចូលបន្ទាយវិញ ហើយឧប្បត្តិហេតុនេះ កើតមានឡើងក្នុងថ្ងៃតែមួយដែលប្រទេសម៉ុលដាវី មានព្រំដែនជាប់រូម៉ានី និងអ៊ុយក្រែន បិទដែនអាកាសរបស់ខ្លួនរយៈពេលខ្លីក្រោមហេតុផលសន្តិសុខដោយមិនបានបញ្ជាក់ ព័ត៌មានលម្អិតឡើយ៕