(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុន បាននិយាយថាការវិភាគលើវត្ថុមិនស្គាល់អត្តសញ្ញាណ ដែលបានហោះក្នុងដែនអាកាសជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាបាឡុងស៊ើបការណ៍របស់ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រសួងការពារជាតិជប៉ុនបានគូសបញ្ជាក់ដូច្នេះថា «បន្ទាប់ពីការវិភាគលើវត្ថុមានរូបរាងជាបាឡុងដែលហោះ ក្នុងដែនអាកាសជប៉ុនជាច្រើនលើក ក្នុងនោះរួមមានទាំងកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ខែមិថុនា ឆ្នាំ២០២០ និងខែកញ្ញា ឆ្នាំ២០២១ យើងបានធ្វើសន្និដ្ឋានថាបាឡុងទាំងនោះ គឺជាបាឡុងស៊ើបការណ៍របស់ចិន»។ សេចក្ដីថ្លែងការណ៍ដដែលក៏បានស្នើឱ្យរដ្ឋាភិបាលចិនទទួលស្គាល់ការពិតនៃឧប្បត្តិហេតុនេះ ហើយត្រូវធានាថាស្ថានភាពបែបនេះ នឹងមិនអាចកើតឡើងសាជាថ្មីនោះទេ។

គួរបញ្ជាក់ថា ជប៉ុនកាលពីសប្ដាហ៍មុន បាននិយាយថាខ្លួនបានធ្វើការវិភាគឡើងវិញ លើឧប្បត្តិហេតុមានជាប់ពាក់ព័ន្ធនឹងវត្ថុមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីសហរដ្ឋអាមេរិក បាញ់ទម្លាក់បាឡុងចិន ដែលមន្ទីរបញ្ចកោណចោទថាជាបាឡុងស៊ើបការណ៍។ ក៏ប៉ុន្តែ ចិនបានច្រានចោលការចោទប្រកាន់ និងទទូចថាបាឡុងរបស់ខ្លួនជាបាឡុងស៊ីវិល តែប៉ុណ្ណោះ៕