(វ៉ាស៊ីនតោន)៖ អតីតអភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley បាននិយាយនៅថ្ងៃអង្គារទី១៤ ខែកុម្ភៈនេះថា លោកស្រីនឹងស្វែងរកការតែងតាំងជាបេក្ខជនប្រធានាធិបតី របស់គណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រី Haley បាននិយាយនៅក្នុងវីដេអូមួយយ៉ាងដូច្នេះថា «ខ្ញុំគឺ Nikki Haley ហើយខ្ញុំនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី»

លោកស្រី Haley អតីតអភិបាលរដ្ឋ South Carolina ដែលបម្រើការជាឯកអគ្គរដ្ឋទូតរបស់ លោក ដូណាល់ ត្រាំ ប្រចាំអង្គការសហប្រជាជាតិ នឹងរៀបរាប់អំពីផែនការយុទ្ធនាការរបស់ខ្លួននៅក្នុងសុន្ទរកថាមួយ នៅទីក្រុង Charleston រដ្ឋ South Carolina នាថ្ងៃពុធសប្តាហ៍នេះ។

លោកស្រីបានក្លាយជាដៃគូប្រកួតប្រជែងផ្ទាល់ដំបូងរបស់លោក ត្រាំ នៅក្នុងគណបក្សសាធារណៈរដ្ឋ ដែលត្រូវបានគេរំពឹងថា នឹងកើនឡើងនៅក្នុងប៉ុន្មានសប្តាហ៍ និងខែខាងមុខនេះ។

គួរបញ្ជាក់ថា សមាជិកគណបក្សសាធារណរដ្ឋដែលមានកេរ្តិ៍ឈ្មោះខ្ពស់ផ្សេងទៀត ដែលសម្លឹងមើលឃើញការបោះឆ្នោតសកលឆ្នាំ២០២៤ រួមមានអភិបាលរដ្ឋ Florida លោក Ron DeSantis អតីតអនុប្រធានាធិបតី លោក Mike Pence សមាជិកព្រឹទ្ធសភាអាមេរិក លោក Tim Scott នៃរដ្ឋ South Carolina អភិបាលរដ្ឋ New Hampshire លោក Chris Sununu និងអតីតអភិបាលរដ្ឋ Arkansas លោក Asa Hutchinson៕