(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានសម្តែងការព្រួយបារម្ភរបស់គាត់ ជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ជុំវិញភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន និងសកម្មភាពឯកតោភាគីដែលភាគីទាំងពីរបានធ្វើឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងកិច្ចសន្ទនាជាមួយសមភាគីអ៊ីស្រាអែល លោក Netanyahu រយៈពេលប្រមាណ ១៥នាទី កាលពីយប់ថ្ងៃចន្ទ លោក Kishida បាននិយាយថា លោកចង់អភិវឌ្ឍទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ក្នុងវិស័យដ៏ធំទូលាយរួមទាំងសេដ្ឋកិច្ច និងបច្ចេកវិទ្យាផងដែរ។ ប្រទេសទាំងពីរបានប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតកាលពីឆ្នាំមុន។

ជាការឆ្លើយតប លោក Netanyahu បានបង្ហាញពីការរំពឹងទុករបស់លោកសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

យោងតាមក្រសួងការបរទេសជប៉ុននៅទីក្រុងតូក្យូ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាដូចជាស្ថានភាពនៅអ៊ុយក្រែន និងស្ថានភាពនៅអាស៊ីបូព៌ា ដោយចែករំលែកទស្សនៈថា ពួកគេចង់ធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីជួយរក្សាស្ថិរភាពក្នុងតំបន់៕