(ហ្សាការតា)៖ អតីតមន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់នៅប្រទេសឥណ្ឌូណេស៉ី គឺលោក ហ្វឺឌី សាមបូ (Ferdy Sambo) ត្រូវបានតុលាការកាត់ទោសប្រហារជីវិត នៅថ្ងៃចន្ទនេះ សម្រាប់ការធ្វើឃាតលើមន្រ្តីប៉ូលិសម្នាក់ទៀត ដែលត្រូវជាអង្គរក្សរបស់លោកផ្ទាល់ កាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ចៅក្រមឥណ្ឌូណេស៉ី បានប្រកាសថា លោក ហ្វឺឌី សាមបូ ពិតជាមានទោសកំហុសក្រោមបទចោទប្រកាន់ ជាមេក្លោងនៅពីក្រោយករណីឃាតកម្មនៃលោក ណូហ្រ្វីអានស្យា យ៉ូសា ហ៊ូតាបារ៉ាត់ (Nofriansyah Yosua Hutabarat) ដែលបានកើតឡើងកាលពីខែកក្កដា ឆ្នាំ២០២២។ លោក សាមបូ ត្រូវបានចោទពី​បទឃាតកម្មគិតទុកជាមុន ព្រមទាំងពីបទបំផ្លាញភស្តុតាង។ កាលពីខែមករាកន្លងទៅ ក្រុមរដ្ឋអាជ្ញាឥណ្ឌូណេស៉ី បានផ្តល់អនុសាសន៍ត្រឹមផ្តន្ទាទោស​ដាក់ពន្ធនាគារអស់មួយជីវិតលើលោក សាមបូ។

គួរបញ្ជាក់ថា លោក ហ្វឺឌី សាមបូ គឺជាមេប៉ូលិសឥណ្ឌូណេស៉ីពាក់ផ្កាយពីរ ដែលមានតួនាទីជាប្រធានទទួលបន្ទុកកិច្ចការផ្ទៃក្នុង នៅពេលលោក ហ៊ូតាបារ៉ាត់ ជាអង្គរក្ស ត្រូវបានគេប្រទះឃើញស្លាប់ក្នុងផ្ទះរបស់លោក ជាមួយស្នាមរបួសគ្រាប់កាំភ្លើង ព្រមទាំងស្នាមជាំនិងស្លាកស្នាមដាច់ជាច្រើន នៅលើខ្លួនប្រាណ។ ករណីឃាតកម្មនោះ បានកើតឡើងនៅថ្ងៃទី៨ ខែកក្កដា ប៉ុន្តែដល់ថ្ងៃទី១១ ខែកក្កដា ទើបប៉ូលិសបានប្រកាសឱ្យដឹង។ លោក សាមបូ ត្រូវបានព្យួរតំណែង នៅរយៈពេល១០ថ្ងៃក្រោយអំពើឃាតកម្ម ហើយត្រូវបានបណ្តេញចេញពីអង្គភាពប៉ូលិសតែម្តង នៅចុងខែសីហា។

បើតាមការអះអាងដែលតុលាការទទួលបាន គឺលោក សាមបូ បានបញ្ជាឱ្យគេសម្លាប់លោក ហ៊ូតាបារ៉ាត់ អាយុ២៧ឆ្នាំ ដែលមានតួនាទីការពារសុវត្ថិភាព​ក្រុមគ្រួសារលោកផ្ទាល់ បន្ទាប់ពីភរិយារបស់លោកចោទថា លោក ហ៊ូតាបារ៉ាត់ បានរំលោភសេពសន្ថវៈលើរូបលោកស្រី។ យ៉ាងណាក្តី ប្តីប្រពន្ធទាំងពីរនាក់ មិនបានបង្ហាញភស្តុតាងដើម្បីគាំទ្រ ការអះអាងអំពីការរំលោភនោះឡើយ។

សំណុំរឿងខាងលើបានធ្វើឱ្យកក្រើកប្រទេសឥណ្ឌូណេស៉ីទាំងមូល ហើយប៉ះពាល់ដល់មុខមាត់ប៉ូលិសជាខ្លាំង រហូតជំរុញឱ្យប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ ចេញបញ្ជាឱ្យប៉ូលិសក្នុងចំណោមស្ថាប័នដទៃទៀត ត្រូវចាត់វិធានការដើម្បីស្តារទំនុកចិត្តរបស់សាធារណជនឡើងវិញ៕