(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ក្រសួងការបរទេសចិន បានប្រកាសថា លោក វ៉ាង យី (Wang Yi) ដែលជាទីប្រឹក្សារដ្ឋ និងជាមន្រ្តីការទូតជាន់ខ្ពស់បំផុត​របស់ប្រទេសចិន នៅក្នុងខែកុម្ភៈនេះ នឹងធ្វើដំណើរទៅចូលរួមសន្និសីទសន្តិសុខទីក្រុងមូនិច (Munich) ព្រមទាំងគ្រោងបំពេញទស្សនកិច្ចនៅប្រទេសមួយចំនួន ក្នុងនោះរួមមានទាំង​រុស្ស៉ីផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បាននិយាយថា លោក វ៉ាង ដែលបានឡើងតំណែងពីរដ្ឋមន្រ្តីការបរទេសមកជា នាយកការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក្រៅពីចូលរួមសន្និសីទសន្តិសុខមូនិច ក៏នឹងបំពេញទស្សនកិច្ចនៅប្រទេសបារាំង អ៉ីតាលី ហុងគ្រី ហើយនិងរុស្ស៉ីផងដែរ នៅចន្លោះថ្ងៃទី១៤-២២ ខែកុម្ភៈ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃប្រទេសទាំង៤។ ប៉ុន្តែក្រសួងការបរទេសចិន មិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ នៃទស្សនកិច្ចនៅប្រទេសនីមួយៗនោះឡើយ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍សន្និសីទសន្តិសុខទីក្រុងមូនិចលើកទី៥៩ នឹងត្រូវរៀបចំឡើងនៅចន្លោះថ្ងៃទី១៧-១៩ ខែកុម្ភៈ ក្រោមវត្តមានមេដឹកនាំពិភពលោក​មួយចំនួន រួមមានទាំងអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris)៕