(បែរឡាំង)៖ អ្នកនាំពាក្យអង្គការណាតូ (NATO) បានចេញមុខអះអាងថា អគ្គលេខាធិការលោក ជែន ស្តូលថិនបឺគ (Jens Stoltenberg) នឹងបញ្ចប់អាណត្តិតាមការគ្រោងទុក នៅខែតុលា ឆ្នាំនេះ បន្ទាប់ពីសារព័ត៌មានមួយ បានរាយការណ៍ថា NATO កំពុងត្រៀមឱ្យលោក ស្តូលថិនបឺគ អាចនៅកាន់តំណែងបានមួយរយៈពេលទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកនាំពាក្យ NATO បាននិយាយកាលពីចុងសប្តាហ៍កន្លងទៅនេះថា «អាណត្តិរបស់អគ្គលេខាធិការ ជែន ស្តូលថិនបឺគ ធ្លាប់ត្រូវបានពន្យារ៣លើករួចមកហើយ ហើយលោកក៏បានកាន់មុខតំណែង សរុបរយៈពេលជិត៩ឆ្នាំផងដែរ។ ហេតុដូច្នេះ អាណត្តិរបស់លោកអគ្គលេខាធិការ នឹងត្រូវឈានដល់ទីបញ្ចប់នៅខែតុលា ឆ្នាំ២០២៣នេះ ហើយលោកមិនមានបំណងស្វែងរក ការពន្យារអាណត្តិជាថ្មីម្តងទៀតនោះឡើយ»

ការចេញមុខបកស្រាយខាងលើកើតមានឡើង បន្ទាប់ពីសារព័ត៌មានអាល្លឺម៉ង់ វែលអាំ សុនថាក (Welt am Sonntag) បានរាយការណ៍ថា អាណត្តិរបស់​លោក ស្តូលថិនបឺគ នឹងត្រូវពន្យារម្តងទៀត គឺដល់ខែមេសា ឆ្នាំ២០២៤ ស្របពេលដែលអង្គការ NATO ព្យាយាមរក្សាស្ថិរភាព កំលុងវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ លើកចុងក្រោយ ដែលអាណត្តិរបស់លោក ស្តូលថិនបឺគ ត្រូវបានពន្យារបន្ថែម គឺកាលពីខែមីនា ឆ្នាំ២០២២ បន្ទាប់ពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន។

គួរបញ្ជាក់ថា លោក ស្តូលថិនបឺគ ធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្រ្តីនៃប្រទេសន័រវែស ចាប់ពីឆ្នាំ២០០០-២០០១ និងពីឆ្នាំ២០០៥-២០១៣ មុនពេលក្លាយជា​ប្រមុខអង្គការណាតូ កាលពីឆ្នាំ២០១៤។ បើតាមសារព័ត៌មាន វែលអាំ សុនថាក មិនទាន់មានការសម្រេចចិត្តនៅឡើយទេ អំពីអ្នកដែលនឹងត្រូវឡើងបន្តវេនពី​លោក ស្តូលថិនបឺគ ប៉ុន្តែនាយករដ្ឋមន្រ្តីអេស៉្បាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) និងរដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក បេន វ៉លឡេស (Ben Wallace) ហាក់ស្ថិតក្នុងចំណោមបេក្ខភាពនាំមុខគ្នា៕