(សិង្ហបុរី)៖ របាយការណ៍ស្ទង់មតិថ្មីចុងក្រោយបំផុត ដែលទើបចេញផ្សាយដោយមជ្ឈមណ្ឌលសិក្សាអាស៊ាន នៃវិទ្យាស្ថានស្រាវជ្រាវ ISEAS-Yusof ដែលមានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី បានបង្ហាញថា ចិនត្រូវបានមើលឃើញជាប្រទេសមហាអំណាច ដែលមានឥទ្ធិពលបំផុតទាំងខាងផ្នែកនយោបាយនិងសេដ្ឋកិច្ច នៅក្នុងតំបន់អាស៉ីអាគ្នេយ៍។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

របាយការណ៍ «State of Southeast Asia» បានរកឃើញថា ប្រជាជនអាស៉ីអាគ្នេយ៍ដែលចូលរួមការស្ទង់មតិជិត៦០ភាគរយ បានចាត់ទុកចិនជាប្រទេស​ដែលមានឥទ្ធិពលបំផុតខាងផ្នែកសេដ្ឋកិច្ច ហើយ៤១ភាគរយ ក៏ចាត់ទុកចិនជាប្រទេសដែលមានឥទ្ធិពលបំផុត ផ្នែកយុទ្ធសាស្រ្ត-នយោបាយផងដែរ ក៏ប៉ុន្តែមិនមែនប្រទេសអាស៊ានទាំងអស់ សុទ្ធតែស្វាគមន៍ការកើនឡើងនៃឥទ្ធិពលរបស់មហាយក្សអាស៉ីមួយនេះឡើយ។ យ៉ាងណាក្តី របាយការណ៍ស្ទង់មតិខាងលើ បានឱ្យដឹងថា ព្រុយណេនិងកម្ពុជា គឺជាប្រទេសបង្ហាញការទទួលយកខ្លាំងជាងគេ នៃការពង្រីកឥទ្ធិពលរបស់ចិន។

ដោយឡែកពាក់ព័ន្ធទៅនឹងក្តីបារម្ភអំពីអាស៊ានផ្ទាល់វិញ អ្នកចូលរួមភាគច្រើននៅតែមានកង្វល់ធំដដែល អំពីភាពយឺតយ៉ាវនិងអប្រសិទ្ធិភាពរបស់ប្លុកនេះ។ រហូតដល់ជាង៨២ភាគរយនៃអ្នកចូលរួមស្ទង់មតិ បានបង្ហាញការយល់ឃើញថា អាស៊ានហាក់មិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយស្ថានការណ៍​វិវត្តន៍ ទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយបាននោះឡើយ។ មិនតែប៉ុណ្ណោះ ៧៤ភាគរយក៏មានក្តីបារម្ភថា អាស៊ានកំពុងក្លាយជាសង្វៀនប្រកួតប្រជែងឥទ្ធិពល​របស់ក្រុមមហាអំណាចផងដែរ ហើយជាង៦០ភាគរយ ភ័យខ្លាចថានៅថ្ងៃខាងមុខ អាស៊ាននឹងត្រូវបែកបាក់សាមគ្គីគ្នា។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ខាងលើ កន្លងមកនេះបញ្ហាមួយចំនួនបានធ្វើតេស្តរួចស្រេចហើយ ចំពោះកម្រិតសាមគ្គីភាពរបស់អាស៊ាន។ តួយ៉ាង ប្រទេសអាស៊ានបានប្រកាន់ជំហរខុសៗគ្នា ជុំវិញសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយខ្វះការចេញចំណាត់ការឆ្លើយតបរួបរួមមួយ សម្រាប់វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលបង្កឡើងដោយរដ្ឋប្រហារយោធា កាលពីឆ្នាំ២០២១៕