(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារប្រព័ន្ធផលិតថាមពលដែលខូចដោយសារការវាយប្រហាររបស់រុស្ស៊ី ប៉ុន្តែព្រមានថា វាលឿនពេកក្នុងការប្រកាសជ័យជម្នះលើវិស័យថាមពលទាំងមូល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ការពិតដែលថា បន្ទាប់ពីការវាយប្រហារដោយមីស៉ីលដ៏ធំក្នុងសប្តាហ៍នេះ ហើយយើងនៅតែអាចរក្សាថាមពលបានដូចនេះ បង្ហាញពីសមត្ថភាពរបស់បុគ្គលិកផ្នែកថាមពលរបស់យើង។ ប៉ុន្តែយើងត្រូវដឹង នេះមិនទាន់ជាជ័យជម្នះទាំស្រុងនៅលើវិស័យថាមពលនោះទេ។ ជាអកុសល អាចមានការវាយប្រហារបន្ថែមទៀតពីរុស្ស៊ី នឹងនាំទៅដល់ការ​រឹត​បន្តឹង​ ឬ​កំណត់​ការ​ប្រើ​ប្រាស់ជាថ្មីទៀត»

បើតាម លោក ហ្សេលេនស្គី ការដាច់ថាមពលដែលអាចនឹងកើតឡើងម្តងទៀត គឺនៅពេលចូលដល់ដើមសប្តាហ៍ថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា រុស្ស៊ីបានធ្វើការវាយប្រហារម្តងហើយម្តងទៀតលើរោងចក្រថាមពលអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលពេលខ្លះបានធ្វើឲ្យមនុស្សរាប់លាននាក់គ្មានអគ្គិសនី កំដៅ ឬការផ្គត់ផ្គង់ទឹកក្នុងរដូវរងា៕