(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) បានបង្ហាញជំហរបើកចំហចំពោះកិច្ចព្រមព្រៀងទស្សនកិច្ចកងទ័ព ឬ Visiting Forces Agreement ហៅកាត់ថា VFA ជាមួយប្រទេសជប៉ុន ប្រសិនបើកិច្ចព្រមព្រៀងនេះជួយពង្រឹងសន្តិសុខសមុទ្រ និងធានាបាននូវការគាំពារយ៉ាងសម្បើមសម្រាប់អ្នកនេសាទហ្វីលីពីន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ម៉ាកូស ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ និងក្រោយត្រឡប់មកពីបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។ តែទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីហ្វីលីពីនរូបនេះបានសង្កត់ធ្ងន់ថាលោកនឹងធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្នជាទីបំផុត ចំពោះការចុះកិច្ចព្រមព្រៀងយោធាណាមួយជាមួយជប៉ុន ពីព្រោះថាទីក្រុងម៉ានីលមិនចង់ឱ្យ កិច្ចព្រមព្រៀងបែបនេះក្លាយជា ឬមើលទៅហាក់ដូចជាការបង្កហេតុនោះទេ។ លោក ម៉ាកូស បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើវាជួយដល់ហ្វីលីពីនក្នុងការការពារ ជាឧទាហរណ៍ផ្ដល់ការគំាពារ ដល់អ្នកនេសាទរបស់យើង និងការពារដែនសមុទ្ររបស់យើង... ខ្ញុំមើលមិនឃើញហេតុផលណាមួយដែលត្រូវបដិសេធវា (កិច្ចព្រមព្រៀង VFA) ឡើយ»

គួរបញ្ជាក់ថា ហ្វីលីពីនបានចុះកិច្ចព្រមព្រៀង VFA ជាមួយសហរដ្ឋអាមេរិក ខណៈជប៉ុនបានចុះកិច្ចព្រមព្រៀង VFA ជាមួយអូស្ត្រាលី និងចក្រភពអង់គ្លេស។ កាលពីខែតុលា ឆ្នាំ២០២២ ជប៉ុន បានចូលរួមក្នុងការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក និងហ្វីលីពីន នៅក្នុងបរិបទដែលទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមប្រមូលផ្ដុំកម្លាំងសម្ព័ន្ធមិត្តដើម្បីទប់ទល់នឹង ឥទ្ធិពលចិន នៅក្នុងតំបន់៕