(វ៉ាស៊ីនតោន)៖ យោធាសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបាញ់ទម្លាក់វត្ថុម្យ៉ាងមានរាង ៨ជ្រុង នៅលើបឹង Huron ដែលនេះជាឧប្បត្តិហេតុ ចុងក្រោយបំផុត ចាប់តាំងពីមន្ទីរបញ្ចេកោណអះអាងពីការបាញ់ទម្លាក់បាឡុងមួយរបស់ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បានបញ្ជាក់ថាដោយអនុវត្តតាមបញ្ជារបស់លោកប្រធានាធិបតី ចូ បៃដិន យន្ដហោះ F-16 មួយគ្រឿង របស់យោធាអាមេរិកបានបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណខាងលើ នៅវេលាម៉ោង ២៖៤២នាទីរសៀល (ម៉ោងនៅសហរដ្ឋអាមេរិក) នៅពីលើបឹង Huron ជាប់ព្រំដែនរវាងសហរដ្ឋអាមេរិក និងកាណាដា។ អ្នកនាំពាក្យរូបនេះបានបន្ថែមថាវត្ថុនេះមិនបានបង្កការគំរាមកំហែងខាងយោធានោះទេ តែវាអាចបង្កគ្រោះថ្នាក់ដល់ការធ្វើចរាចរណ៍ហោះហើររបស់យន្ដហោះស៊ីវិល ដោយសារតែវាហោះនៅរយៈកម្ពស់ ៦,១០០ម៉ែត្រ និងអាចមានសមត្ថភាពឈ្លបយកការណ៍ទៀតផង។

គួរបញ្ជាក់ថា នេះគឺជាលើកទី៤ ហើយដែលវត្ថុទាំងនេះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលយន្ដហោះចម្បាំងអាមេរិក ក្នុងរយៈពេលមិនដល់២សប្ដាហ៍ស្រួលបួលផង។ ប៉ុន្តែ យោធាអាមេរិកមិនទាន់ អាចកំណត់អត្តសញ្ញាណវត្ថុចំនួន៣ចុងក្រោយដែលត្រូវបានបាញ់ទម្លាក់នៅឡើយទេ ហើយក៏មិនទាន់អាចបញ្ជាក់បានថាតើវត្ថុទាំងនោះមានប្រភពមកពីណា ឬជាកម្មសិទ្ធិរបស់នរណានោះដែរ៕