(អង់ការរ៉ា)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏មហន្តរាយ ដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរីកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានកើនឡើងដល់ជាង ៣៣,០០០នាក់ហើយគិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ខណៈអង្គការសហប្រជាជាតិបានព្រមានថា ចំនួនចុងក្រោយអាចនឹងកើនឡើងទ្វេដង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមមន្ត្រី និងគ្រូពេទ្យបានគូសបញ្ជាក់ថា ចំនួនមនុស្សស្លាប់ក្នុងប្រទេសតួកគីកើនដល់ ២៩,៦០៥នាក់ និងនៅប្រទេសស៊ីរីកើនដល់ ៣,៥៧៤នាក់ ពីការរញ្ជួយដីកម្រិត ៧.៨រិចទ័រកាលពីថ្ងៃចន្ទ ដែលនាំឱ្យចំនួនសរុបដែលត្រូវបានបញ្ជាក់ឡើងដល់ ៣៣១៧៩នាក់។

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគីស្ថិត នៅក្បែរព្រំដែន ស៊ីរី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។

ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោងខ្ទង់ជាង ៤ទាបភ្លឺថ្ងៃចន្ទ ហើយប៉ុន្មានម៉ោង​ក្រោយមក ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រ រួមជាមួយការញ័ររញ្ជួយកម្រិតតូចៗបន្តបន្ទាប់ទៀតជាច្រើន។ លើកចុងក្រោយបំផុត ដែលគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំម្តុំតំបន់នេះ គឺកាលពីឆ្នាំ១៩៣៩ ដែលបានសម្លាប់មនុស្សរហូតដល់ ៣៣,០០០នាក់ នៅក្នុងប្រទេសតួកគី។ ចំណែក កាលពីឆ្នាំ១៩៩៩ គ្រោះរញ្ជួយដីខ្លាំងក្លាមួយ ក៏បានផ្តាច់​ជីវិតមនុស្ស១៧,០០០នាក់ នៅភាគពាយព្យតួកគីផងដែរ៕