(ប៉េកាំង)៖ ការសែត The Global Time បានរាយការណ៍ថា ប្រទេសចិនកំពុងត្រៀមបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណមួយ ដែលប្រទះឃើញកំពុងហោះហើរលើសមុទ្រក្បែរទីក្រុងកំពង់ផែ Qingdao។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

បុគ្គលិកនៃការិយាល័យអភិវឌ្ឍន៍សមុទ្ររបស់ទីក្រុង Qingdao បាននិយាយថា នាយកដ្ឋានពាក់ព័ន្ធ កំពុងរៀបចំបាញ់ទម្លាក់វត្ថុនោះ។ ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​ប្រាប់​ថា​ វត្ថុ​នោះ​ជា​អ្វី​ទេ។ របាយការណ៍បានបន្ថែមថា អ្នកនេសាទនៅក្នុងតំបន់ត្រូវបានណែនាំឱ្យរក្សាសុវត្ថិភាពបន្ថែម។

កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ យន្តហោះចម្បាំង F-22 របស់សហរដ្ឋអាមេរិក បានបាញ់ទម្លាក់វត្ថុមិនស្គាល់សញ្ញាណមួយ ដែលស្ថិតនៅលើដែនអាកាសប្រទេសកាណាដា ពោលគឺមួយថ្ងៃបន្ទាប់ពីវត្ថុមិនស្គាល់អត្តសញ្ញាណផ្សេងមួយទៀត ត្រូវបានយោធាអាមេរិក បាញ់ទម្លាក់នៅលើរដ្ឋអាឡាស់ស្កា។

គួរបញ្ជាក់ថា ការបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណទាំង២លើកខាងលើ បានកើតឡើងបន្ទាប់ពីយោធាអាមេរិកបានប្រើប្រាស់ យន្តហោះចម្បាំង F-22 កាលពីថ្ងៃទី៤ ខែកុម្ភៈ ដើម្បីបាញ់ទម្លាក់នូវអ្វីដែលរដ្ឋាភិបាលអាមេរិក អះអាងថាជាបាឡុងចារកម្មរបស់ចិន នៅលើផ្ទៃសមុទ្រក្បែរ​រដ្ឋការ៉ូលីណាខាងត្បូង (South Carolina) ក្រោយពីវាបានហោះនៅលើសហរដ្ឋអាមេរិក និងផ្នែកខ្លះនៃប្រទេសកាណាដា អស់រយៈពេលប្រហែលជា ១សប្តាហ៍។

ចំណែកឯខាងភាគីទីក្រុងប៉េកាំងវិញបានអះអាងថា វាគឺជាបាឡុងស៉ីវិលធម្មតា ដែលប្រើប្រាស់សម្រាប់ការស្រាវជ្រាវផ្នែកឧតុនិយមប៉ុណ្ណោះ ប៉ុន្តែត្រូវបានខ្យល់បក់ឱ្យរសាត់ចេញពីគន្លងធ្វើដំណើរ ដែលបានគ្រោងទុក ហើយចិនបានរិះគន់ការសម្រេចចិត្ត​បាញ់ទម្លាក់របស់អាមេរិកថា ជាប្រតិកម្មជ្រុលហួសហេតុ៕