(កៀវ)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksey Reznikov នៅថ្ងៃអាទិត្យនេះបានពិភាក្សាអំពីបញ្ហាអាទិភាព រួមមានដូចជាបញ្ហាការពារដែនអាកាស និងកាំភ្លើងធំ សម្រាប់កិច្ចប្រជុំជាមួយប្រទេសសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវ នៅទីក្រុង Brussels នៅសប្តាហ៍ក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងមន្ត្រីផ្សេងទាមទារ និងជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន បញ្ជូនយន្តហោះចម្បាំងដល់ខ្លួនបន្ថែមទៀត បន្ទាប់ពីពួកគេបានសន្យាផ្តល់រថក្រោះប្រយុទ្ធទំនើបរាប់សិបគ្រឿង រួមទាំង រថក្រោះ M1 Abrams របស់អាមេរិក រថក្រោះ Leopard 2 របស់អាល្លឺម៉ង់ និង Challenger 2 របស់អង់គ្លេស។

គួរបញ្ជាក់ថា ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន នឹងជួបប្រជុំគ្នានៅទីស្នាក់ការអង្គារណាតូនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមករា នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ដែលជាគន្លឹះក្នុងការសម្រេចចិត្តបញ្ជូនរថក្រោះ៕