(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន កាលពីថ្ងៃសៅរ៍ បានរាយការណ៍ថា ប្រទេសចិនកំពុងមានគោលដៅ បង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន ឱ្យដល់៩០០គ្រាប់ នៅត្រឹមឆ្នាំ២០៣៥ ដើម្បីប្រឆាំងទប់ទល់នឹងចំនួនអាវុធនុយក្លេអ៊ែររបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

សារព័ត៌មានជប៉ុន ក្យូដូ (Kyodo) ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីប្រទេសចិនផ្ទាល់ បានអះអាងថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានផ្តល់ការយល់ព្រមចំពោះផែនការខាងលើរួចហើយ ខណៈថ្នាក់ដឹកនាំយោធារបស់កងទ័ពចិន បានសង្កត់ធ្ងន់ជាថ្មីអំពីសារៈសំខាន់ នៃការមានអាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួន កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ បើតាម Kyodo ក្រុមមន្រ្តីយោធាជាន់ខ្ពស់ចិន​ បានសន្មត់យ៉ាងដូច្នោះ ក្រោយមើលឃើញសង្រ្គាមនៅអ៊ុយក្រែន ជាទីដែលក្រុមប្រទេសលោកខាងលិច ទោះបីជាបានខិតខំផ្តល់អាវុធ ថវិកា ការបណ្តុះបណ្តាល និងព័ត៌មានចារកម្មឱ្យដល់ទីក្រុងកៀវយ៉ាងសកម្មក៏ដោយ នៅតែមិនហ៊ាន​​ប្រឈមមុខផ្ទាល់ ជាមួយរុស្ស៉ីឡើយ ដោយសារតែចំនួនក្បាលគ្រាប់នុយក្លេអ៊ែរច្រើនបំផុត នៅលើពិភពលោក របស់ទីក្រុងមូស្គូ។

ប្រភពរបស់សារព័ត៌មាន Kyodo បានអះអាងថា ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសចិន ទំនងជានឹងកើនពីចំនួនបច្ចុប្បន្នគឺខ្ទង់៤០០គ្រាប់ ដល់ ៥៥០គ្រាប់នៅឆ្នាំ២០២៧ ហើយបន្តឡើងដល់៩០០គ្រាប់ នៅឆ្នាំ២០៣៥។ ដោយឡែក កាលពីខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរបញ្ចកោណអាមេរិកក៏បានធ្វើការ​ប៉ាន់ប្រមាណ លើការកើនឡើងនៃចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិនផងដែរ ដោយថានៅឆ្នាំ២០៣៥ ចិននឹងបង្កើនក្បាលគ្រាប់ដល់ ១,៥០០គ្រាប់។

គួរបញ្ជាក់ថា យ៉ាងណាមិញ ចំនួននេះនឹងនៅតិចជាងឆ្ងាយ បើប្រៀបធៀបជាមួយរុស្ស៉ីនិងសហរដ្ឋអាមេរិក ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរ ៥,៩៧៧គ្រាប់ ហើយនិង៥,៤២៨គ្រាប់ ដោយយោងតាមការប៉ាន់ស្មានរបស់ វិទ្យាស្ថានស្រាវជ្រាវ Stockholm International Peace Research Institute៕