(មូស្គូ)៖ កាលពីយប់ថ្ងៃសៅរ៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី បានលើកឡើងថា អង្គការណាតូ (NATO) គួរតែបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការរកឃើញថ្មីៗនេះ ស្តីពីករណីផ្ទុះបំពង់ឧស្ម័ន Nord Stream កាលពីឆ្នាំមុន ក្រោយមានការអះអាងថា អាមេរិកអាចជាប់ពាក់ព័ន្ធ បើទោះបីជាទីក្រុងវ៉ាស៉ីនតោន បានចេញមុខបដិសេធក៏ដោយ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

កាលពីថ្ងៃពុធសប្តាហ៍នេះ អ្នកកាសែតស៉ើបអង្កេតជើងចាស់ម្នាក់ ឈ្មោះ សីម័រ ហឺស (Seymour Hersh) បានរាយការណ៍ថា ក្រុមអ្នកមុជទឹករបស់យោធា​ជើងទឹកអាមេរិក បានប្រើប្រាស់គ្រឿងផ្ទុះដើម្បីបំផ្ទុះបំពង់ឧស្ម័នខាងលើ ក្រោមការបញ្ជាផ្ទាល់របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប៉ុន្តែសេតវិមានបានចេញមុខទាត់ចោល សេចក្តីរាយការណ៍នេះថា ជារឿងភូតកុហកនិងប្រឌិតឡើងទាំងស្រុង។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយដូច្នេះថា «វាមានធាតុពិតលើសពីគ្រប់គ្រាន់ទៅទៀត​នៅទីនេះ ដូចជាការផ្ទុះនៃបំពង់ឧស្ម័ន វត្តមាននៃចេតនា ហើយនិងភស្តុតាងដោយប្រយោលដែលអ្នកសារព័ត៌មានទទួលបាន។ ដូច្នេះតើពេលណា NATO នឹងបើកកិច្ចប្រជុំ ដើម្បីពីនិត្យវាយតម្លៃលើស្ថានការណ៍»

គួរបញ្ជាក់ថា យោងតាមការស៉ើបអង្កេតរបស់ស៊ុយអែតនិងដាណឺម៉ាក បំពង់ឧស្ម័នខាងលើ បានទទួលរងការបំផ្ទុះដោយចេតនា ប៉ុន្តែមិនបានធ្វើការសន្និដ្ឋានថាតើ អ្នកណាដែលអាចនៅពីក្រោយសកម្មភាពនេះនៅឡើយទេ។ ចំណុចនៃបំពង់ឧស្ម័ន Nord Stream ដែលបានទទួលរងការផ្ទុះ គឺស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ស៊ុយអែតនិងដាណឺម៉ាក។ សហរដ្ឋអាមេរិកនិងណាតូ បានហៅហេតុការណ៍ផ្ទុះបំពង់ឧស្ម័ននោះថា ជាទង្វើវិច្ឆេទកម្ម ខណៈទីក្រុងមូស្គូបានទម្លាក់កំហុសលើ​ក្រុមខាងលិច។ យ៉ាងណាក្តី ភាគីទាំងសងខាងសុទ្ធតែមិនបានផ្តល់ភស្តុតាងជាក់ស្តែងដូចគ្នា៕