(អង់ការ៉ា)៖ រហូតមកទល់ថ្ងៃអាទិត្យនេះ ចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងគឺដល់លើស ២៨,០០០នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារលើ​ប្រទេសតួកគីនិងស៉ីរី កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

អាជ្ញាធរនៅក្នុងប្រទេសតួកគី បានឱ្យដឹងថាចំនួនអ្នកស្លាប់បានកើនដល់ ២៤,៦១៧នាក់ ខណៈនៅស៊ីរី ចំនួនអ្នកស្លាប់ក៏ត្រូវបានគេរាយការណ៍ដែរថាបានកើនដល់ ៣,៥៧៤នាក់ ហើយបូកបញ្ចូលតួលេខ ទាំងនេះចូលគ្នាធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ២៨,១៩១នាក់។ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ ខ្នងបានដួលរំលំកម្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សរាប់ម៉ឺននាក់ នៅក្នុងប្រទេសទាំង២ បានរងរបួសដោយសារគ្រោះរញ្ជួយដីនេះ។ រីឯក្រុមអ្នកជួយសង្រ្គោះក្នុងប្រទេសទាំង២ នៅតែបន្តប្រតិបត្តិការរបស់ពួកគេនៅឡើយ ខណៈបើតាមការព្រមានរបស់ UN មនុស្សយ៉ាងហោច ៨៧០,០០០នាក់ ទាំងនៅក្នុងតួកគី និងស៉ីរី កំពុងត្រូវការជំនួយជាបន្ទាន់ ក្រោយគ្រោះរញ្ជួយដីដែលអាចនឹងធ្វើឱ្យប្រជាជនស៊ីរីដល់ទៅជាង ៥.៣លាននាក់ គ្មានផ្ទះសម្បែង។

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគីស្ថិត នៅក្បែរព្រំដែន ស៊ីរី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោងខ្ទង់ជាង ៤ទាបភ្លឺថ្ងៃចន្ទ ហើយប៉ុន្មានម៉ោង​ក្រោយមក ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រ រួមជាមួយការញ័ររញ្ជួយកម្រិតតូចៗបន្តបន្ទាប់ទៀតជាច្រើន។ លើកចុងក្រោយបំផុត ដែលគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំម្តុំតំបន់នេះ គឺកាលពីឆ្នាំ១៩៣៩ ដែលបានសម្លាប់មនុស្សរហូតដល់ ៣៣,០០០នាក់ នៅក្នុងប្រទេសតួកគី។ ចំណែក កាលពីឆ្នាំ១៩៩៩ គ្រោះរញ្ជួយដីខ្លាំងក្លាមួយ ក៏បានផ្តាច់​ជីវិតមនុស្ស១៧,០០០នាក់ នៅភាគពាយព្យតួកគីផងដែរ។