(អង់ការ៉ា)៖ ក្រុមជួយសង្រ្គោះបានទាញមនុស្សបន្ថែមទៀតចេញពីគំនរបាក់បែក នៅព្រឹកថ្ងៃសៅរ៍នេះ ដែលមានរយៈពេល៥ថ្ងៃមកហើយនៃការរញ្ជួយដីដ៏សាហាវបំផុត គិតចាប់តាំងពីឆ្នាំ១៩៣៩ ប៉ុន្តែក្តីសង្ឃឹមថាអ្នកនៅរស់រានមានជីវិតជាច្រើនទៀតនឹងត្រូវបានរកឃើញកាន់តែធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

ចំនួនអ្នកស្លាប់កើនឡើងលើសពី ២៤,៤៥០នាក់ នៅទូទាំងភាគខាងត្បូងប្រទេសតួកគី និងភាគពាយព្យនៃប្រទេសស៉ីរី។ ថ្លែងនៅថ្ងៃសៅរ៍នេះ លោក តាយីព អឺដូហ្កាន់ បានសន្យាថានឹងចាប់ផ្តើមការងារលើការកសាងទីក្រុងឡើងវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ខណៈអគាររាប់សែនកន្លែងឥឡូវនេះមិនមានមនុស្សរស់នៅទេ។

នៅក្នុងតំបន់ឧទ្ទាមនៃភាគពាយព្យនៃប្រទេសស៉ីរី ដែលបានទទួលការបំផ្លិចបំផ្លាញដ៏អាក្រក់បំផុតពីការរញ្ជួយដីនេះ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងសង្គ្រោះមានភាពស្មុគស្មាញដោយសង្រ្គាមស៊ីវិលជាងមួយទសវត្សរ៍ ហើយមានជំនួយតិចតួចបំផុតបានចូលទៅដល់។

គួរបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ជាមួយនឹងការរញ្ជួយដ៏ខ្លាំងក្លានៅទូទាំងប្រទេសតួកគី និងស៊ីរី បានក្លាយជាគ្រោះមហន្តរាយធម្មជាតិដែលមានមនុស្សស្លាប់ច្រើនបំផុតទី ៧ របស់ពិភពលោក៕