(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីថ្មីរបស់ប្រទេសប្រេស៊ីល លោក លូអ៉ីស អ៉ីនណាស៉ីយ៉ូ លូឡា ដា ស៉ីលវ៉ា (Luiz Inacio Lula da Silva) បានជួបប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៉ីនតោន) ដែលជាការពិភាក្សាទល់មុខគ្នាលើកដំបូងចាប់តាំងពីឡើងកាន់តំណែង ខណៈ​មេដឹកនាំ​ប្រេស៊ីលរូបនេះ ​បាន​ស្នើ​ឲ្យមានការស្វែងរកដំណោះស្រាយដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​នៅ​អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំនៅសេតវិមាន លោក បៃដិន បានថ្លែងថា លទ្ធិប្រជាធិបតេយ្យដ៏រឹងមាំរបស់ប្រទេសទាំងពីរ ត្រូវបានសាកល្បងប្រកបដោយភាពគ្រោះថ្នាក់ ប៉ុន្តែ​ទាំង​នៅ​សហរដ្ឋ​អាមេរិក និង​ប្រេស៊ីល អាចឆ្លងកាត់បានដោយជោគជ័យ។ ចំណែក លោក លូឡា បានថ្លែងអំណរគុណដល់ លោក បៃដិន ដែលបានបង្ហាញពីសាមគ្គីភាពក្រោយជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតប្រេស៉ីល និងបានគូសបញ្ជាក់អំពីវិស័យមួយចំនួនដែលប្រេស៊ីល និងអាមេរិកអាចធ្វើការរួមគ្នាបាន។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក លូឡា បានប្រាប់អ្នកសារព័ត៌មានថា លោកចង់ខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន ដោយអំពាវនាវឲ្យប្រមូលផ្តុំក្រុមប្រទេសដែលមិនពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងសង្គ្រាម រួមគ្នា​កសាង​សន្តិភាព។

គួរបញ្ជាក់ថា មេដឹកនាំទាំងពីរក៏បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការប្រែប្រួលអាកាសធាតុ និងការការពារលទ្ធិប្រជាធិបតេយ្យ៕