(ម៉ានីល)៖ ទាហាន​ម្នាក់​បាន​បាញ់សម្លាប់សមាជិក​ចំនួន​៤នាក់​ នៅ​ឯជំរុំយោធា​មួយស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន​នៅថ្ងៃសៅរ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ ហ្វ្រាន់ស៉ីស្កូ ហ្ការ៉េឡូ (Francisco Garello) អ្នកនាំពាក្យកងពលធំថ្មើរជើងទី៤ បានប្រាប់កាសែតហ្វីលីពីនឲ្យដឹងថា ជនសង្ស័យហាក់ដូចជាបាត់បង់ភាពម្ចាស់ការ បន្ទាប់ពីម៉ោង ១អាធ្រាត នៅឯបរិវេណជំរុំយោធាក្នុងទីក្រុងកាហ្កាយ៉ាន់ ដេអូរ៉ូ (Cagayan de Oro)។ សមាជិកទាំង ៤នាក់ ​ត្រូវ​បាន​បាញ់​ដោយ​កាំភ្លើង M16 ខណៈ​ពួកគេ​កំពុង​ដេកលក់។ បន្ទាប់​មក​ខ្មាន់​កាំភ្លើង​បាន​ដើរទៅ​ជំរុំមួយផ្សេង​ទៀត តែត្រូវទាហាន​២​នាក់​ដែលត្រូវបានប្រាប់ឲ្យប្រុងប្រយ័ត្នជាមុននោះ ​ចាប់​ក្រៀកនិងវាយសម្លាប់ជនសង្ស័យ។ ក្នុងចំណោមអ្នកទាំងពីរ មានម្នាក់រងរបួសធ្ងន់។

គួរបញ្ជាក់ថា ការស៊ើបអង្កេតផ្ទៃក្នុងបានចាប់ផ្តើម ដើម្បីកំណត់ពីមូលហេតុនៃករណីបាញ់ប្រហារនេះ និងភាពចន្លោះប្រហោងក្នុងដំណើរការជ្រើសរើស និងបណ្តុះបណ្តាលទាហានហ្វីលីពីន៕