(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ បាននិយាយថាកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីធ្វើឱ្យ «ប្រទេសរបស់លោកឯកោ» បានបរាជ័យទំាងស្រុង ហើយទីក្រុងមូស្គូកំពុងកសាងទំនាក់ទំនងយ៉ាងរឹងមាំជាមួយបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ីប៉ាហ្វិក និងនៅគ្រប់ទីកន្លែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ឡាវរ៉ូវ ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកការទូតរុស្ស៉ី នៅឯវេទិកាមួយរៀបចំឡើងកាលពីថ្ងៃសុក្រសប្ដាហ៍នេះ នៅឯក្រសួងការបរទេសរុស្ស៉ី ក្រោយត្រឡប់មកពី បំពេញទស្សនកិច្ចនៅអាហ្វ្រិកកាលពីពេលថ្មីៗនេះ។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៉ីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ទោះបីជាមានការបំផុសគំនិតប្រឆាំងរុស្ស៉ី ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ព្រុចសែល និងទីក្រុងឡុងដ៍ក៏ដោយ ក៏យើងនៅតែអាចពង្រឹងទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសភាគច្រើននៅលើពិភពលោក»

គួរបញ្ជាក់ថា លោក សឺហ្គៃ ឡាវរ៉ូវ កាលពីដើមសប្ដាហ៍នេះបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ាលី ម៉ូរីតានី ស៊ូដង់ និងអ៉ីរ៉ាក់ ហើយកាលពីពេលថ្មីៗនេះក៏បានបំពេញ ទស្សនកិច្ចទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង អេស្វាទីនី អង់ហ្គោឡា និងអេរីត្រេ នៅក្រោមយុទ្ធនាការពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសមិនមែនលោកខាងលិច ខណៈ ទីក្រុងមូស្គូកំពុងជាប់ទណ្ឌកម្មរបស់លោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក៕