(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងរំលឹកខួបមួយឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែននៅខែកុម្ភៈនេះ ជាមួយការបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ដែលជាសម្ព័ន្ធមិត្ត NATO។ នេះបើតាមការប្រកាសរបស់សេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បានឱ្យដឹងទៀតថាលោក បៃដិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ហើយនឹង ត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្ស៉ិច ឌូដា (Andrzej Duda) ព្រមទាំងមេដឹកនាំបណ្ដាប្រទេសជាសមាជិក NATO​ មួយក្រុម ក្នុងតំបន់អឺរ៉ុបខាងកើតដែលគេហៅថាសមាជិក ប៊ុយការ៉េស ៩ (Bucharest Nine)។ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី បៃដិន នឹងពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង រួមទាំងកិច្ចប្រឹងប្រែងសមូហភាពដើម្បីគាំទ្រ អ៊ុយក្រែន និងពង្រឹងសមត្ថភាពកំញើញរបស់ NATO»។ លោកស្រី ហ្សង់ព្យែរ បន្ថែមទៀតថាលោក បៃដិន នឹងថ្លែងសុន្ទរកថាមួយដើម្បីរំលឹកដល់ខួបមួយឆ្នាំនៃការសង្រ្គាមឈ្លានពានរបស់រុស្ស៉ីដែលធ្វើឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ និងស្ដីពីកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ស្វែងរកការគាំទ្រពីពិភពលោកសម្រាប់ប្រជាជនអ៊ុយក្រែន ខណៈពួកគេកំពុងការពារសេរីភាព និងប្រជាធិបតេយ្យ របស់ពួកគេ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក បៃដិន នៅប៉ូឡូញ នឹងត្រូវធ្វើឡើង គាប់ជួនលោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងថ្លែងសុន្ទរកថាប្រចាំឆ្នាំមួយទៅកាន់សភាសហព័ន្ធរុស្ស៉ី នៅថ្ងៃទី២១ ខែកុម្ភៈនេះដែរ។ ប៉ុន្តែ លោក បៃដិន ត្រូវបានគេរាយការណ៍ថាទំនងជានឹងមិនបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនឡើយ ដោយសារបារម្ភពីបញ្ហាសុវត្ថិភាព៕