(អង់ការ៉ា)៖ ចំនួនអ្នកស្លាប់បានបន្តកើនដល់លើស ២៣,៧០០នាក់ហើយ ក្នុងរយៈពេលជាង៥ថ្ងៃមកនេះ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារលើ​ប្រទេសតួកគី និងស៉ីរី កាលពីវេលាទាបភ្លឺ ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

អាជ្ញាធរនៅក្នុងប្រទេសតួកគី កាលពីយប់ថ្ងៃសុក្រសប្ដាហ៍នេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់បានកើនដល់ ២០,២១៣នាក់ ខណៈនៅស៊ីរី ចំនួនអ្នកស្លាប់ក៏ត្រូវបានគេរាយការណ៍ដែរថាបានកើនដល់ ៣,៥០០នាក់ ហើយបូកបញ្ចូលតួលេខទាំងនេះចូលគ្នាធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ២៣,៧១៣នាក់។ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ ខ្នងបានដួលរំលំកម្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេសទាំង២បានរងរបួសដោយសារគ្រោះរញ្ជួយដីនេះ។ រីឯក្រុមអ្នកជួយសង្រ្គោះក្នុងប្រទេសទាំង២ នៅតែបន្តប្រតិបត្តិការរបស់ពួកគេ នៅឡើយ។

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគីស្ថិត នៅក្បែរព្រំដែន ស៊ីរី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោងខ្ទង់ជាង ៤ទាបភ្លឺថ្ងៃចន្ទ ហើយប៉ុន្មានម៉ោង​ក្រោយមក ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រកើតឡើងផងដែរ រួមជាមួយការញ័ររញ្ជួយកម្រិតតូចៗបន្តបន្ទាប់ទៀតជាច្រើន។ លើកចុងក្រោយបំផុត ដែលគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំម្តុំតំបន់នេះ គឺកាលពីឆ្នាំ១៩៣៩ ដែលបានសម្លាប់មនុស្សរហូតដល់ ៣៣,០០០នាក់ នៅក្នុងប្រទេសតួកគី៕